ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ២ករណី

កំពង់ស្ពឺៈ ករណី១ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើថ្ពង រួមជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ័ពមាន ចុះប្រតិបត្តិការបង្ក្រាបរោងសិប្បកម្មអារច្រៀកឈើ ដែលគ្មានលិខិតអនុញ្ញាត១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិផ្ដៅវស្សា ឃុំទព័មាន ស្រុកថ្ពង។

ជាលទ្ធផលកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនភ្លើង០១គ្រឿង ប៉ូលីកង់យោង០២គ្រឿង ឈើអារចម្រុះប្រភេទ (លេខ១ និងលេខ២)សរុបចំនួន២៥០ដុំ/សន្លឹក ស្មើនឹង៣,៨២២ម៉ែត្រត្រីគុណ (សុក្រម១០ដុំ ស្មើនឹង០,៦៧៥ម៉ែត្រត្រីគុណ ផ្តៀក២០សន្លឹក ស្មើនឹង ០,៦៧២ម៉ែត្រត្រីគុណ និងត្រឡាត់២២០សន្លឹក ស្មើនឹង២,៤៧៥ម៉ែត្រត្រីគុណ) ។

ករណី២ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ សង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ ចុះបង្ក្រាបរថយន្ត យីឌុប០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0994 ដែលបានដឹកជញ្ជូនឈើអារ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅក្នុងភូមិសាស្ត្រភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ។

បច្ចុប្បន្នវត្ថុតាងដែលបានឃាត់ និងចាប់ខាងលើ បានយកមករក្សាទុក នៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងកំពុងធ្វើការត្រួតពិនិត្យប្រភេទឈើ និងធ្វើការវាស់វែងបរិមាណឈើ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

មតិយោបល់