តួកគី: សារព័ត៌មាន Hurriyet បានរាយការណ៍ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាល ពីថ្ងៃសៅរ៍នៅទីក្រុងអ៊ីស្តង់ប៊ុល, ទីក្រុងអង់ការ៉ា និងទីក្រុង Izmir ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩៤នាក់និងរបួស ១.១៥៤នាក់ ដែលបានបង្កឱ្យមានភាពចលាចលនៅតាមទីក្រុងធំៗនៅប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៦នេះ។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាគ្រវីទង់នៅតាមដងផ្លូវបែកជាបួន Taksim Square ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃសៅរ៍។ ក្រុមនេះផងដែរបានដើរជាក្បួនឆ្ពោះទៅកាន់កណ្តាលរុក្ខវិថី Istiklal។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាល ផ្លូវបែកជាបួន Kizilay Square រដ្ឋធានីអង់ការ៉ានៅយប់ថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដោយបានស្រែកពាក្យស្លោកប្រឆាំងផងដែរ។
នៅតាមដងផ្លូវបែកជាបួននានា ត្រូវបានបិទចរាចរណ៍មិនឲ្យធ្វើដំណើរ។ ក្រុមអ្នកតវ៉ានិយាយថា ពួកគេនឹងនៅតាមដងផ្លូវរហូតដល់មានមន្រ្តីហៅពួកគេឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ឲ្យដឹងថា ចៅក្រមចំនួន ២.៧៥៤នាក់និងសមាជិកក្រុមប្រឹក្សាភិបាលតុលាការជាន់ខ្ពស់ចំនួន៥រូប បានបណ្តេញចេញពីការងារ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានៅតួកគី។
របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការកណ្តាលយោធាប្រទេសតួកគី បានចុះចាញ់ ហើយខណៈពេលនេះ យោធាដែលបានចាប់ខ្លួនកើនឡើងដល់ ៣.០០០នាក់ ហើយគិតមកដល់ពេលនេះ តួកគីធ្លាប់ជួបរដ្ឋប្រហារចំនួន៥លើកមកហើយ ចាប់តាំងពីឆ្នាំ១៩៦០, ឆ្នាំ១៩៧១, ឆ្នាំ១៩៨០, ឆ្នាំ១៩៩៧ និងឆ្នាំ២០១៦នេះ៕
មតិយោបល់