ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍សែនរន្ធត់ បង្កឡើងដោយរថយន្តដឹកដែកធុនធំមួយគ្រឿង បើកទៅកៀរ អ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឱ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្ត និងកិនបែកមួកសុវត្ថភាពខ្ទេច សំណាងល្អមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកឯអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅខាងមុខសាលាបង្រៀនបើកបរដៃទិព្វ ផ្ទះលេខ ៥២៨ ផ្លូវ ៣៧១ ភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានទី១-ឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាជាងអគ្គិសនី (ជាបង) និងទី២-ឈ្មោះ កញ្ញនា ភេទស្រី អាយុ ២៧ឆ្នាំ ជាប្អូន មានស្រុកកំណើតនៅឯខេត្តកំពង់ចាម ហើយសព្វថ្ងៃអ្នកទាំងពីរស្នាក់នៅក្នុងតាខ្មៅ ខេត្តកណ្តាលជាមួយគ្នា។
មុនពេលកើតហេតុ ពួកគេទាំងពីរនាក់បងប្អូនបានធ្វើតំណើរតាមម៉ូតូមួយគ្រឿងម៉ាក ហុងដា Click ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BF-7477 ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងទៅលេងផ្ទះបងប្អូននៅម្តុំចំការដូង លុះមកដល់កន្លែងកើតហេតុក៏ត្រូវបានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-1300 មួយគ្រឿងដែលមានផ្ទុកដែកពេញ បើកបរដោយបុរសម្នាក់។ បានបើកទៅកៀរ បណ្តាយឲ្យដួលខ្ទៀតជនរងគ្រោះទាំងពីរនាក់បងប្អូនអូស និងកិនពីលើសំណាងល្អបុរសអ្នកឌុបជាបងមានពាក់មួយសុវត្ថភាព គ្រាន់តែបែកមួកនោះខ្ទេច ដោយមិនគ្រោះថ្នាក់ដល់ជីវិតឡើយ ភ្លាមនោះ អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បងប្អូនត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោមកដឹកយកទៅសង្គ្រោះ ចំណែកឯរថយន្តដឹកដែកបង្ក និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕
មតិយោបល់