មីយ៉ាន់ម៉ា: ក្រសួងព័ត៌មានបានប្រាប់ឲ្យដឹងថា មនុស្សប្រហែល ១៣០នាក់ មកពីភូមិចំនួនបី ក្នុងរដ្ឋធានីរ៉ាក់ឃីន ភាគខាងលិច ប្រទេសមីយ៉ាន់ម៉ា ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលបីថ្ងៃមកនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។
ជនរងគ្រោះដោយទឹកជំនន់មកពីទីក្រុង Myauk U ដែលមានទីតាំងស្ថិតនៅជិតទន្លេ Ranchaung ត្រូវបានជម្លៀសចេញទៅកាន់ភូមិជិតខាងនោះ ដើម្បីរកទីទួលមានសុវត្ថិភាព។ អ្នកជំនាញខាងឧតុនិយមបានព្រមានថា នឹងមានទឹកជំនន់និងការបាក់ដីជាបន្តនៅតំបន់ចំនួន៦របស់ប្រទេសនេះ និងរួមទាំងរដ្ឋរ៉ាក់ឃីនផងដែរ។ កាលពីខែមុន ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋរ៉ាឃីនសម្លាប់មនុស្ស ១២នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់មីយ៉ាន់ម៉ា។
ផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រឈមមុខនឹងគ្រោះមហន្តរាយទឹកជំនន់ដោយសារភ្លៀងធ្លាក់ធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៩ ខែមិថុនា។ កាលពីដើមខែមេសា ដល់ខែឧសភា មានខ្យល់បោកបក់យ៉ាងខ្លាំងនៅទូទាំងប្រទេសនេះ បានឆក់យកជីវិតមនុស្ស ៣៩នាក់ផងដែរ។
សូមបញ្ជាក់ថា ទឹកជំនន់ដែលមីយ៉ាន់ម៉ាបានជួបប្រទះនៅក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាមានសភាពធ្ងន់ធ្ងរជាងឆ្នាំមុន ហើយវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំជាច្រើនទៀត៕

មតិយោបល់