ឥណ្ឌា-នេប៉ាល់ៈ យ៉ាងហោចណាស់មនុស្ស ១៤៣នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈដែលខ្យល់មូសុង បានពាំនាំនូវទឹកជំនន់ វាយលុកនៅទូទាំងប្រទេសនេប៉ាល់ និងឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។
ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃច័ន្ទនេះ បានព្រមានថា ចំនួនអ្នកស្លាប់ នឹងកើនឡើង ក្រោយពីទទួលបានដំណឹងស្ដីពីទំហំនៃការខូចខាតកាន់តែច្បាស់។
សូមជំរាបថា ភ្លៀងធ្លាក់ឥតស្រាកស្រាន្តរយៈពេល ៣ ថ្ងៃ បានបង្កឲ្យមានទឹកជំនន់ភ្លាមៗ រួមទាំងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់ នៅនេប៉ាល់ និង ៧៣ នាក់ទៀត នៅភាគខាងជើង និងខាងកើតប្រទេសឥណ្ឌា។
សេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា ប្រជាជនប្រហែល ២០០.០០០ នាក់ កំពុងរស់នៅ ក្នុងជំរុំសង្គ្រោះបន្ទាន់ នៅរដ្ឋអាស្សាម ភាគឦសានប្រទេសឥណ្ឌា ដែលជាកន្លែងរងគ្រោះដោយទឹកជំនន់ ជាញឹកញាប់ក្នុងអំឡុងពេលរដូវមូសុងមានភ្លៀងធ្លាក់ប្រចាំឆ្នាំ។
គួរបញ្ជាក់ដែរថា មនុស្ស ១៥.០០០ នាក់ផ្សេងទៀត ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅភាគខាងកើតរដ្ឋ Bihar ដែលមានព្រំប្រទល់ជាប់ប្រទេសនេប៉ាល់ ដោយមន្ត្រីម្នាក់ បាននិយាយថា ទន្លេចំនួន ៧ នៅក្នុងរដ្ឋ Bihar កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់៕
មតិយោបល់