បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ពីបទប្រើហិង្សា ប្រដាប់ដោយដុំថ្មនិងកាំបិតគប់ទៅលើជនរងគ្រោះចំនួន០៤នាក់ បណ្តាលឲ្យជនរងគ្រោះ០១នាក់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មានអំពើហិង្សាមួយកើតឡើង បង្កដោយក្រុមជនសង្ស័យប្រមាណជា១០នាក់ ម៉ូតូ០៦គ្រឿង បានធ្វើសកម្មភាពគប់ និងចាក់ទៅលើជនរងគ្រោះ ចំនួន០៤នាក់ នៅចំណុចភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំការនៅបញ្ជាការស្រាលនគរបាលភូមិភាគ៥ ឃាត់ខ្លួនបក្សពួកជនសង្ស័យបានម្នាក់ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រគល់ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំនិងដកហូតបានដាវសាម៉ូរ៉ៃ០១ដើម និងបញ្ជូនជនរងគ្រោះ០១នាក់របួសធ្ងន់ ឈ្មោះ ឌីសស្កូ ហៅតួ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវក្រុមជនដៃដល់គប់ជាប់កាំបិតនិងពោះធ្លាយពោះវៀន ទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដោយរបួសធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់ ។
តាមការបំភ្លឺរបស់ក្រុមជនរងគ្រោះ មាន១/-ឈ្មោះ ស៊ាន វុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុង ប៉ោយប៉ែត,២/-ឈ្មោះ ចាន់ សុគន្ធី ហៅក្រៅធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង៣/-ឈ្មោះសៀង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃកើតហេតុពួកគេបានត្រឡប់មកពីចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍មិត្តភក្តិ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុមប្រហែល១០នាក់ បានធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត មកលើពួកខ្លួនបណ្ដាលឲ្យឈ្មោះ ឌីសស្កូ ហៅ តួ ត្រូវបានគេគប់កាំបិតជាប់ពោះធ្លាយពោះវៀន ក្រោយមកកម្លាំងនគរបាលវរព្រំដែនដែលប្រចាំការនៅទីបញ្ជាការស្រាល បានជួយអន្តរាគមន៍ហើយឃាត់បានជនសង្ស័យបានម្នាក់ ឈ្មោះ តិ អ៊ីន ។
លោកអធិការបានបន្តថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញអធិការដ្ឋានក្រុងប៉ោយប៉ែត បានឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន០៤នាក់ បន្ថែមទៀត សរុបចំនួន០៥នាក់ ១/-ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (នគរបាលកាពារព្រំដែន ឃាត់បាននៅកន្លែងកើតហេតុ) ,២/-ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត, ៣/-ឈ្មោះ ធុច ឆាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត , ៤/-ឈ្មោះ តាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ៥/-ឈ្មោះ ឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៥នាក់ បានសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាព ស្ទាក់គប់ដុំថ្មនិងកាំបិតទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយផ្អែកទៅលើចម្លើយសារភាព ជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាងដាវសាម៉ូរ៉ៃ០១ដើម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។ ចំណែកបក្ខពួកនៅសែសសល់នគរបាលក្រុងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួន ដោយពុំទុកឲ្យពួកគេបង្កព្យុះភ្លៀងតាមទំនើងចិតនោះឡើយ ៕
មតិយោបល់