ផ្ទះ ព័ត៌មានជាតិ ពពុះសណ្តែក នំ...

ពពុះសណ្តែក នំស្លឹកស្រស់ ប្រហិតត្រី ចាហួយត្រី និងភេសជ្ជៈ ត្រូវមន្ត្រីជំនាញរកឃើញសារធាតុគីមី

0

ភ្នំពេញ: យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCFបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ។

សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អាជ្ញាធរដែនដី គណ:កម្មការផ្សារឈូកមាស និងផ្សារជម្ពូវ័ន ដើម្បីធានាបាននូវទំនិញជាម្ហូបអាហារ មានអនុលោមភាពផ្នែកម្ហូបអាហារដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការត្រួតពិនិត្យនិងយកសំណាកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅផ្សារឈូកមាស ចំនួន៣២គំរូ និងផ្សារជម្ពូវ័ន ចំនួន៦០គំរូ រួមមានប្រហិតសាច់គោ ប្រហិតត្រី មី គុយទាវ លត បាញ់កាញ់ ផ្អក ប្រហុក ម៊ាំ ជ្រកត្រីងៀត ត្រីប្រា សាច់ក្រក ឈាមជ្រូក គ្រឿងសមុទ្រ ពពុះសណ្តែក ស្ករត្នោត នំស្លឹកស្រស់ និងបន្លែផ្លែឈើ។ ជាលទ្ធផល គឺមន្ត្រីជំនាញ បានរកឃើញពពុះសណ្តែក ចំនួន ៣,៥គីឡូក្រាមនំស្លឹកស្រស់ និងប្រហិតត្រី ចំនួន ៨,៤គីឡូក្រាម មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់។ ជាមួយគ្នានេះដែរ ទំនិញហួសសុពលភាពប្រើប្រាស់ រួមមានចាហួយត្រី និងភេសជ្ជ: សរុបចំនួន ៦១ គីឡូក្រាម។ ក្នុងនោះដែរ មន្ត្រីជំនាញក៏បានដកហូតនិងធ្វើការស្រាវជ្រាវរកប្រភពទីតាំងផលិត ដើម្បីបន្តនីតិវិធីតាមច្បាប់។

ទន្ទឹមនោះដែរ មន្ត្រីជំនាញនៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករទិញ លក់ទំនិញជាម្ហូបអាហារទាំងអស់ រាល់ប្រតិបត្តិការទិញ លក់ ត្រូវមានវិក្កយបត្រ និងត្រូវដឹងពីប្រភពផលិត និងនាំចូលឱ្យបានច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើងជាយថាហេតុ បង្កលក្ខណ:ងាយស្រួលដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពផលិត និងនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ផលិតករនិងអាជីវករលក់ដូរទំនិញជាម្ហូបអាហារទាំងអស់ កុំដើម្បីតែប្រាក់ចំណេញប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារដែលបណ្តាលឱ្យប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងអាចទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

មតិយោបល់