អាល្លឺម៉ង់: មន្រ្តីបាននិយាយថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់ ប្រដាប់ដោយពូថៅនិង កាំបិត បានវាយប្រហារមនុស្សរងរបួសធ្ងន់ស្រាលបួននាក់ នៅលើរថភ្លើងនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ មុនពេលត្រូវបាន បាញ់សំលាប់ដោយប៉ូលិស។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
ប៉ូលិសបាននិយាយថា មនុស្សបីនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងម្នាក់រងរបួសស្រាលនៅក្នុងការវាយប្រហារនៅក្នុងទីក្រុង Wuerzburg នេះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ០៩និង១៥នាទីយប់ ដែលរថភ្លើងនេះធ្វើដំណើររវាងទីក្រុង Treuchlingen និងទីក្រុង Wuerzburg។
របាយការណ៍ដំបូងបានឱ្យដឹងថា រហូតដល់ ២០នាក់ត្រូវបានរងរបួស ប៉ុន្តែក្រោយមកវាត្រូវបានគេបង្ហាញឱ្យដឹងថា យ៉ាងហោចណាស់ ១៤នាក់ត្រូវបានព្យាបាលចំពោះហេតុការណ៍តក់ស្លុតនេះ។ មូលហេតុនៃការវាយប្រហារនេះគឺមិនច្បាស់លាស់នៅឡើយទេ។
សូមបញ្ជាក់ថា អ្នកវាយប្រហារនេះគឺជាជនភៀសខ្លួនអាហ្វហ្គានីស្ថាន មានអាយុ ១៧ឆ្នាំ ដែលបានរស់នៅក្នុងទីក្រុងក្បែរ Ochsenfurt។ ក្មេងជំទង់ដែលបានបង្ហាញខ្លួនឡើងដើម្បីធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ដែលជាអនីតិជនដែលពុំមានសាច់ញាតិ៕
មតិយោបល់