រុស្ស៊ីៈ បន្ទាប់ពីភេរវកម្មបំផ្ទុះគ្រាប់បែក នៅកន្លែងប្រគុំតន្រ្តី Manchester Arena កាលពីថ្ងៃចន្ទ បានបណ្ដាលឲ្យមនុស្សស្លាប់កើនដល់២២នាក់ ដែលភាគច្រើនគឺជាកុមារ និង៥៩នាក់ផ្សេងទៀត កំពុងរងរបួសនោះ ប្រទេសរុស្ស៊ីបានលើកទ្បើង ផងដែរថា នឹងចូលរួមជាមួយអង់គ្លេសប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ។ នេះបើយោងតាមរយៈ សារព័ត៌មាន AFP ចេញផ្សាយនៅទី២៣ ខែឧសភា ឆ្នាំ២០១៧។
ប្រភពពីវិមានក្រឹមទ្បាំង បានឲ្យដឹងថា «ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានតៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង់គ្លេស ក្នុងការប្រឆាំងនឹងអំពើភេរវកម្មដ៏ឃោរឃៅនេះ។
ពាក់ព័ន្ធនឹងការវាប្រហារនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ធ្វើការថ្កោលទោសយ៉ាងខ្លាំង ដោយថែមទាំងគ្រោងនឹងធ្វើការផ្អាកយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតក្នុងប្រទេស នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខទៀតផង។
សូមជំរាបថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១០ និង៣៥នាទីយប់ថ្ងៃចន្ទ ដែលវាត្រូវបានអាជ្ញាធរចាត់ទុកថា ជាអំពើវាយប្រហារដោយភេវកម្ម៕

មតិយោបល់