ព័ត៌មានជាតិ

បុរសម្នាក់កំពុងដើរឆ្លងផ្លូវ ត្រូវរថយន្តបុកផ្តាច់សង្ខារ

កំពង់ធំ: បុរសបានដើរឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្ន បណ្ដាលឲ្យឲ្យរថយន្តបើកបរក្នុងល្បឿនបានបុកបុរសនេះឲ្យប៉ើងដូចសំឡី ហើយដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ភូមិត្រពាំងវែងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនរងគ្រោះពុំត្រូវបានគេស្គាល់ឈ្មោះ និងអត្តសញ្ញាណនោះទេ ភេទប្រុស អាយុជាង៣៥ឆ្នាំ ហើយពុំដឹងថា រស់នៅទីណានោះទេ។ ចំណែកអ្នកបើករថយន្តបង្កហេតុឈ្មោះ ច្រឹង សាមន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប បានបើកបររថយន្តម៉ាក គៀ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3-9613 ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កតាមបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ពីបទបើកបរបង្កឲ្យមានមនុស្សស្លាប់។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបាននាំគ្នា ដឹកទៅតម្កល់ទុកនៅវត្តក្តីសែន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន រង់ចាំសាច់ញាតិបងប្អូនទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់