ភ្នំពេញៈ នៅសល់តែ៣ថ្ងៃទៀតទេ សពលោកបណ្ឌិត កែម ឡី នឹងត្រូវបានដង្ហែចាកចេញពីភ្នំពេញឆ្ពោះទៅខេត្តកាកែវជាស្រុកកំណើតរបស់លោក ក្រោយពីកិច្ចប្រជុំជជែក និងពិភាក្សារយៈពេល២ថ្ងៃ គឺនៅព្រឹកថ្ងៃទី២០ និង២១ កក្កដានេះ នៅសាលារាជធានីភ្នំពេញរវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពបណ្ឌិត កែម ឡី ដែលត្រូវដង្ហែយកទៅបញ្ចុះនៅខេត្តតាកែវ នៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ ជាលទ្ធផល គឺអាជ្ញាធរបានឯកភាពយកតម្រាយផ្លូវតាមគ្រួសារសពវិញ ហើយ គឺហែចេញពីវត្តចាស់ ឆ្លងកាត់ស្ពានជ្រោយចង្វារ បត់តាមមហាវិថីព្រះមុនីវង្ស ដល់ស្តុបបេកាសេរួចបត់ស្តាំតាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ី រហូតដល់រង្វង់មូលចោមចៅ រួចតម្រង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវតែម្តង។
ប៉ុន្តែការដង្ហែសពនេះ អាជ្ញាធរមិនតម្រូវឲ្យមានការដង្ហែដោយថ្មើរជើង និងស្រែកជ័យឃោស ឬលើកជាបដាដែលមានន័យពាក់ពន្ធ័ជាមួយនឹងនយោបាយនោះទេ។ ក្នុងការដង្ហែសពនេះដែរ កម្លាំងមានសមត្ថកិច្ចជាអ្នកសម្រួលចរាចរ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង និងមានម៉ូតូស៊ីរ៉ែននាំមុខក្បួនចំនួនមួយគ្រឿងផងដែរ។
លោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអង្គប្រជុំជុំវិញការរៀបចំដង្ហែសពនេះបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដីខិតខំយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ដូចនេះគ្រួសារសពត្រូវធ្វើការអំពាវនាដល់អ្នកចូលរួមដង្ហែត្រូវរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមបែបព្រះពុទ្ធសាសនា ដើម្បីបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋដែលចូលរួមដង្ហែពិតជាមានសីលធម៌សាកសមជាប្រជាពលរដ្ឋដែលមានវប្បធម៌ខ្ពង់ខ្ពស់។ ប្រសិនបើមានជនឆ្លៀតឱកាសប្រើប្រាស់ការដង្ហែសពបម្រើឲ្យឆន្ទៈនយោបាយ អាជ្ញាធរសមត្ថកិច្ច និងចាត់វិធានការក្នុងគោលដៅរក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ។ ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធត្រូវដាក់កម្លាំងការពារតាមដងផ្លូវដែលក្បួនឆ្លងកាត់ ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់។
លោក នឿន ចាន់នី បងថ្លៃលោកបណ្ឌិត កែម ឡី ក្នុងអង្គប្រជុំនោះបានស្នើសុំឲ្យអាជ្ញាធរសមត្ថកិច្ចខិតខំជួយការពារឲ្យបានខ្លាំងក្លាក្នុងការដង្ហែសពនេះ ព្រោះមានការចូលរួមពីប្រជាពលរដ្ឋចម្រុះ ហើយមិនដឹងថា អ្នកណាខ្លះមានបំណងបែបណាទេ។ ក្នុងនាមគ្រួសារនៃសពសូមថ្លែងអំណរគុណលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតតាមតម្រាយផ្លូវដែលបានស្នើសុំ និងស្នើសុំឲ្យមានរថយន្តពេទ្យតាមក្បួនដង្ហែ ដើម្បីងាយស្រួលក្នុងការសង្រ្គោះ។
គួររំលឹកផងដែរថា លោក កែម ឡី ដែលត្រូវបានគេស្គាល់ថា ជាអ្នកវិភាគឯករាជ្យតាមបណ្ដាញសារព័ត៌មាននានានោះ ត្រូវបានជនឃាតកបាញ់សម្លាប់នៅក្នុងស្តាម៉ាត ស្តុបបូកគោ កាលពីវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ។
តាមប្រភពព័ត៌មានបញ្ជាក់ថា មុនពេលកើតហេតុ លោក កែម ឡី បានជិះរថយន្តឡិចស៊ីស១គ្រឿង ពណ៌ស មកចូលផឹកកាហ្វេនៅក្នុងស្តាម៉ាត ស្តុបបូកគោ ហើយក្រោយមក ក៏មានជន២នាក់ បានជិះម៉ូតូ១គ្រឿងចូលមកបាញ់សម្លាប់ ខណៈកំពុងផឹកកាហ្វេនោះតែម្ដង ហើយបានព្យាយាមគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនពួកគេបាននៅម្តុំវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ អឿង អាង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅ ជួប សម្លាប់ មានទីលំនៅកំណើតភូមិ ទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប៕
មតិយោបល់