ស្វាយរៀងៈ យើងទាំងអស់គ្នាប្រាកដជាចាំបានថា លោកតាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំម្នាក់នេះ បានតស៊ូធាក់ស៊ីក្លូ ដើម្បីជីវិតរស់នៅចុងក្រោយរបស់លោកតាផង និងដើម្បីចៅប្រុសផង ទោះបីមានវ័យចំណាស់ដល់ថ្នាក់នេះក៏ដោយ។ ដោយសារការតស៊ូអំណត់ព្យាយាមខិតខំជួយខ្លួនឯង ទើបលោកតាត្រូវបានទទួលការអាណិតពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសទទួលបានក្តីស្រឡាញ់ និងសណ្តោសពីសម្តេចតេជោ ហើយទីបំផុតសម្តេចតេជោ ហ៊ុន សែន ទទួលយកលោកតាធ្វើជាឪពុកធម៌ និងបានទទួលចិញ្ចឹមលោកតាអស់មួយជីវិត ព្រមទាំងបានសាងសង់ផ្ទះជូនលោកតាឲ្យស្នាក់នៅបានសមរម្យផងដែរ។
នេះជាផ្ទះរបស់លោកតា ពុត សឿន អាយុ៨៩ឆ្នាំ ដែលលោកតាប្រាថ្នាចង់បានផ្ទះរស់នៅសម្រាប់ជីវិតចុងក្រោយ។ ផ្ទះនេះ គឺស្ថិតនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន កំពុងសាងសង់សម្រេចបានប្រមាណជា៧០ភាគរយហើយ។ ផ្ទះនេះបានសាងសង់ពីដើមខែកក្កដា និងបញ្ចប់រួចរាល់នៅដើមខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានប្រវែង ៨x១២ ម៉ែត្រ បន្ទប់ធំមួយ មានអាងទឹក បន្ទប់ទឹកខាងក្នុង និងតទៅក្រោយមួយទៀត ព្រមទាំងមានខឿនសងខាងផ្ទះផងដែរ។
គួរបញ្ជាក់ផងដែរថា ស្ទើរតែពេញមួយជីវិតទៅហើយពោល គឺតាំងវ័យកុមាររហូតដល់ចាស់ជរា៨៩ឆ្នាំ ជួបតែទុក្ខលំបាក់ឥតល្ហែជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ក្នុងភាពជាមេគ្រួសារទទួលរែកពន្ធចិញ្ចឹមកូនប្រុសស្រី៨នាក់រស់ក្នុងផ្ទះខ្ទមបាក់បែកតូចមួយ។ តែអ្វីដែលលោកតាប៉ងប្រាថ្នាមុនគាត់លាចាកលោកយើងនេះ លោកសុំឲ្យបានជួបសម្តេច ហ៊ុន សែន ដើម្បីសុំលុយសម្តេចត្រឹមតែ១០០០ដុល្លារយកទៅធ្វើផ្ទះ។
នៅទីបំផុតបំណងរបស់លោកតាបានសម្រេចដូចបំណង ក្រោយពីសម្តេចបានទទួលដំណឹងដ៏គួរឲ្យអាណិតអាសូរនេះមក។ មិនត្រឹមតែ លោកតាបានជួបសម្តេចសុំលុយ១០០០ដុល្លារ ដើម្បីយកទៅធ្វើផ្ទះប៉ុណ្ណោះទេ ពោលគឺលោកតាកម្សត់ទទួលបានកំណប់លើសអ្វីៗ ដែលលោកតារំពឹងទុកពេញមួយជីវិតទៅទៀត គឺលោកតាត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលជួបលោកតានៅគេហដ្ឋានរបស់សម្តេចក្បែរវិមានឯករាជ្យនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ។ នៅក្នុងការជួបផ្ទាល់លោកតាកម្សត់នេះ សម្តេចតេជោបានទទួលរាក់ទាក់លោកតាយ៉ាងខ្លាំងផងដែរ។ នៅពេលនោះលោកតាមានការរំភើបយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ។
ក្រោយពីសម្តេចតេជោ បានស្តាប់រឿងរ៉ាវដ៏កម្សត់របស់លោកតារួចមក សម្តេចបានធ្វើតាមសំណូមលោកតាគ្រប់យ៉ាង ហើយសម្តេចបានផ្តល់នូវអ្វីដែលលោកមិនធ្លាប់គិតដល់នោះ គឺសម្តេចទទួលសាងសង់ផ្ទះឲ្យ ផ្តល់អង្ករ៥០គីឡូ និងលុយ៥០ម៉ឺនរៀលក្នុងមួយខែ ហើយលើពីនេះទៅទៀត ដែលលោកតាកាន់តែរំភើបនោះ គឺសម្តេចទទួលយកលោកតាជាឪពុកធម៌ ទុកដូចជាឪពុកបង្កើត និងចិញ្ចឹមលោកតាអស់មួយជីវិត ហើយលោកតាក៏ទទួលយកសម្តេចតេជោជាកូនធម៌ផងដែរ ចាប់ពីថ្ងៃនេះតទៅ។ ហើយសម្តេចឈប់ឲ្យឪពុកធម៌ទៅធាក់ស៊ីក្លូទៀតដែរ ដោយឲ្យនៅផ្ទះនៅឯស្រុក បានទៅវត្តធ្វើបុណ្យធ្វើទាននិងគេ៕
មតិយោបល់