ភ្នំពេញៈ មន្ត្រីយោធាថ្នាក់អនុសេនីយ៍ឯកម្នាក់ (ស័ក្តិ៣) និងជាកូនប្រុសរបស់មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ម្នាក់ផងនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមកធ្វើការឃាត់តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ២៨៥ អ.យ.យ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៦ ចេញដោយលោក ជីវ កេង នៃក្រុមស៊ើបអង្កេត របស់តុលាការរាជធានីភ្នំពេញ ពីបទប្លន់ ខណៈពេលដែលរូបគេចូលមកធ្វើលិខិតបញ្ជាក់ផ្ទេរកម្មសិទ្ធរថយន្តមួយគ្រឿងរួចមក។ ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា បុរសដែលបានឃាត់ខ្លួនមានឈ្មោះ សុង សុវណ្ណ ហៅណូ អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីយោធាមានឋានន្តរៈស័ក្តិថា្នក់អនុសេនីយ៍ឯក (សក្កិ ៣) ស្នាក់នៅផ្ទះលេខ២៤៣ ផ្លូវព្រះមុនីវង្ស ក្រុមទី៣០ ភូមិ៤ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈពេលដែលរូបគេបានបង្ហាញខ្លួនចូលមកធ្វើលិខិតបញ្ជាក់ផ្ទេរប័ណ្ណកម្មសិទ្ធរថយន្ត នៅក្នុងប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវនោះ ដោយសារតែមានតម្កល់ដីការបង្គាប់តាមរកចាប់ខ្លួនរបស់គេមួយច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញ ពីបទល្មើសប្លន់ កាលពីថ្ងៃទី ១១ ខែខែកុម្ភៈ ឆ្នាំ ២០០៤ កន្លងមក និងបានរត់គេចខ្លួននោះ ក៏ត្រូវធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
តាមប្រភពដែលបានប្រាប់ឲ្យដឹងថា ក្រោយពេលដែលកម្លាំងប៉ុស្តិ៍ធ្វើការឃាត់ខ្លួនមន្ត្រីយោធាជាប់ចោទរូបនោះ បានធ្វើការបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌចំការមន តែភ្លាមនោះត្រូវបានក្រុមគ្រួសារធ្វើការតវ៉ាទៅនឹងការឃាត់ខ្លួននេះ ដោយអះអាងថា រូបគេទទួលបាននូវលិខិតលើកលែងទោសមួយច្បាប់ពីពន្ធនាគារមួយច្បាប់រួចហើយ និងកំពុងតែធ្វើការរស្រាវជ្រាវរក។ បុរសជាប់ចោទរូបនេះ ក៏ជាកូនប្រុសរបស់មន្ត្រីយោធាម្នាក់ ដែលមានឋានន្តរៈសក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២)ម្នាក់ផងដែរ។
ក្រោយពីធ្វើការតវ៉ាពីក្រុមគ្រួសារជនជាប់ចោទជាមន្ត្រីយោធាខាងលើហើយ មិនមានលិខិតលើកលែងទោសទៅតាមការអះអាងរបស់ក្រុមគ្រួសារខាងលើឡើយ លុះមកដល់ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌចំការមននោះក៏ស្រេចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់