ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ 2U 7433 រងការខូចខាតផ្នែកកំណាត់មុខ ស្ទើរទាំងស្រុង កាលពីម៉ោងជិត១១ព្រឹកថ្ងៃ១ ខែសីហានេះ បន្ទាប់ពីទូកុងតឺន័រដ៏វែងអន្លាយ បានធ្លាក់មកសង្កត់ពីលើនៅតាមបណ្ដោយ២៧១កែងផ្លូវ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្នាក់ងារ Post News ដែលមានវត្តមាននៅកន្លែងកើតហេតុបានរាយការណ៍មកថា ក្រោយពីទូកុងតឺន័របានធ្លាក់សង្កត់រថយន្តបាឡែនហើយនោះ គេសង្កេតឃើញថា នៅតំបន់នោះ មានការកកស្ទះចរាចរណ៍រាប់ម៉ោង ប៉ុន្តែក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ខណៈគ្រោះថ្នាក់នេះគេចាត់ទុកថា ជាសំណាងមួយក្នុង១ពាន់សំណាង។
ភ្នាក់ងារបន្តថា ករណីដែលធ្លាក់ទូកុងតឺន័រពីរថយន្តនេះ គឺដោយសារតែរថយន្តបានឡើងចំណោតពីផ្លូវលេខ៤៨៨មក២៧១ ឬហៅបានថា ខ្វះការប្រុងប្រយ័ត្ន ដែលមិនបានចង ឬចាប់ខ្ចៅឲ្យបានជាប់ រួចក៏របូតទូកុងតឺន័រធ្លាក់សង្កត់រថយន្តបាឡែនតែម្ដង ប៉ុន្តែសំណាងហើយ មិនគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយកើតហេតុកាលពីម៉ោង១០និង៤៥នាទីអ្នកបើកបរ និងកម្មករ ៥-៦នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តទាំងបង្ក និងរងគ្រោះឲ្យនៅកន្លែងកើតហេតុ។ បន្តិចក្រោយមកសមត្ថកិច្ចក៏បានចុះទៅដល់ និងធ្វើការវាស់វែងរួចក៏ហៅរថយន្តស្ទួច ដើម្បីយករថយន្តបង្ក ព្រមទាំងទូកុងតឺន័រ និងរថយន្តបាឡែនជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/rxNF–Qu5W4
មតិយោបល់