ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២០កម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនិងចាប់ឃាត់ខ្លួនជនសង្ស័យសរុប៣.៦៣៨នាក់

ភ្នំពេញ:​ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញក្នុងរយ:ពេល១ឆ្នាំ២០២០បានចេញប្រត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរឹបអូសបានជិត២០០គីឡូក្រាមនិងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែនិងបរទេសសរុប៣.៦៣៨នាក់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។ការបង្ក្រាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះផងដែរត្រូវគេមើលឃើញថាដែលនាំឱ្យបទល្មើសគ្រឿងញៀននៅឆ្នាំ២០២០នេះមានការថយចុះគួរឱ្យកត់សម្គាល់។ក្នុងនោះនៅឆ្នាំ២០២០ក៏បានបង្ក្រាបក្លឹបកម្សាន្តធំៗចំនួន០៣កន្លែងជាប់ពាក់ព័ន្ធនឹងការជួញដូរនិងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញសម្រេចបានលទ្ធផលពេលនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលតែងតែដាក់បទបញ្ជាមុតមាំឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញត្រូវចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនិងធ្លាប់ព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងចំពោះមន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។វិធានការបង្ក្រាបត្រូវធ្វើរាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងទ្រង់ទាយតូចនិងទ្រង់ទ្រាយធំហើយការបង្ក្រាបនោះមិនត្រូវដកថយនោះឡើយ។ពោលគឺត្រូវធ្វើសកម្មភាពចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាប្រចាំដើម្បីពង្រឹងការពារថែរក្សាសន្តិសុខធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថានៅឆ្នាំ២០២០កម្លាំងនគរបាលរាជធានីភ្នំពេញចេញប្រតិបត្តិការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ដោយចេញបង្ក្រាបបាន២.០៧៥ករណីប្រៀបធៀបនឹងឆ្នាំ២០១៩ចេញបង្ក្រាបបាន២.២៧៧ករណី(នាំឱ្យបទល្មើសគ្រឿងញៀនបានថយចុះ២០២ករណី)ឃាត់ខ្លួនជនសង្ស័យ៣.៦៣៨នាក់ក្នុងនោះចាប់យកនឹងដកវត្ថុគ្រឿងញៀនសរុប១៩៧,៣៥៨.៦៥ក្រាម(១៩៧គីឡូក្រាមនិង៣៥៨ក្រាម៦៥)អាវុធខ្លី០៣ដើម,ដាវដែកកែច្នៃ១៤ដើម,រថយន្ត០៤គ្រឿង,ម៉ូតូ៥.៥៧០គ្រឿង,ទូរស័ព្ទដៃ៤៧៥គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
ជុំវិញវិធានការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតលោកវរសេនីយ៍ទោរ៉ឹមម៉ិចនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថាអនុវត្តតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញនិងបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបន្តចូលរួមសហការជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្តចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋឱ្យបានយល់ពីផលប៉ះពាល់នៃគ្រឿងញៀនដោយត្រូវនាំគ្នានៅឱ្យឆ្ងាយពីគ្រឿងញៀននិងបំផុសឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីឈានដល់អនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

 

មតិយោបល់