ព័ត៌មានសិល្បៈ និងកម្សាន្ត

សព ហង្ស ផល្លីមធុរ៉ា តម្កល់ធ្វើបុណ្យនៅវត្តទួលជិត CTN

ភ្នំពេញៈ យោងតាមការឆ្លើយឆ្លងជាមួយភរិយាសពរបស់លោក ហង្ស ផល្លីមធុរ៉ា គឺសពតារាសម្ដែងរូបនេះ មិនមែនតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល ដូចការចុះផ្សាយភ័ន្តច្រលំរបស់ស្ថាប័នខ្លះនោះទេ គឺសពរបស់លោកកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលនៅម្ដុំទូរទស្សន៍ CTN។ ភរិយារបស់លោក ក៏បានប្រកាសថា សពនេះ នឹងធ្វើការបូជានៅម៉ោង៧ព្រឹក ថ្ងៃពុធទី៣ ខែសីហាផងដែរ ដោយសារតែក្រុមគ្រួសារមិនមានលទ្ធភាពចំណាយច្រើនថ្ងៃក្នុងធ្វើបុណ្យ និងដោយសារតែពេលវេលានោះ គឺលោកអាចារ្យគន់គូរថា ល្អ។

អ្នកស្រី ហ៊ឹម ស្រីលាភ ថ្លែងប្រាប់ Post News មុននេះថា សពរបស់លោក ហង្ស ផល្លីមធុរ៉ា បានដឹកទៅដល់វត្តទួលកាលពីម៉ោងជាង៩ព្រឹក ហើយអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការចុះផ្សាយ និងបង្ហោះមួយចំនួនដែលបានដាក់ថា ស្វាមីរបស់លោកស្រីធ្វើបុណ្យ និងតម្កល់សពនៅវត្តសន្សំកុសល។ អ្នកស្រីថា ក្រោយការបង្ហោះភ័ន្តច្រលំមួយប្រាវនោះ បានធ្វើឲ្យអ្នកស្គាល់រាប់អានអ្នកស្រី និងលោក ខលមកខ្វាត់ខ្វែង ដោយសារតែរកមិនឃើញ។ អ្នកស្រីថា សពរបស់លោក ហង្ស ផល្លីមធុរ៉ា ត្រូវដឹកយកទៅធ្វើបុណ្យនៅខេត្តបាត់ដំបង ដែលស្រុកកំណើតឯណោះទេ ប៉ុន្តែដោយសារតែបងប្អូននៅភ្នំពេញ ក៏មានមួយចំនួន ហើយផ្លូវឆ្ងាយពិបាកធ្វើដំណើរផង ទើបតម្រូវឲ្យអ្នកស្រីតម្កល់ធ្វើបុណ្យនៅវត្តទួលនៅជិតទូរទស្សន៍ CTN ជាជំនួសវិញ។ អ្នកស្រីទើបនឹងឲ្យគេចាក់ថ្នាំសពត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ទើបអ្នកស្រីបញ្ជាក់ថា ពេលវេលាបូជាសពនៅម៉ោង៧ព្រឹក ថ្ងៃពុធ ទី៣ សីហា គឺមិនអាចប្រែប្រួលបានទេ។

អ្នកស្រីអំពាវនាវឲ្យមានការចូលរួមពីសំណាកតារាសិល្បៈ ជាពិសស គឺអ្នកដែលធ្លាប់រួមសម្ដែងជាមួយលោក ដើម្បីឲ្យវិញ្ញាណក្ខន្តរបស់លោកបានស្ងប់ និងដើម្បីកុំឲ្យពិធីបុណ្យសពរបស់លោកនៅវត្តទួលមានសភាពស្ងប់ស្ងាត់ផង។ អ្នកស្រីអះអាងថា ស្វាមីរបស់ខ្លួនបានស្លាប់នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១ ខែសីហា គឺបន្ទាប់ពីដាក់បញ្ចូលអុកស៊ីហ្សែនលែងចូល។ មុនស្លាប់ លោកក៏មានអាការៈឈឺក្បាល និងថប់ដង្ហើម ដែលមិនអាចឲ្យគ្រូពេទ្យសង្គ្រោះបាន ដោយសារតែដុំសាច់នៅក្នុងខួរក្បាល មានសភាពធ្ងន់ធ្ងរ ព្រោះតែមិនមានលទ្ធភាពព្យាបាលនោះផងដែរ។

អ្នកស្រីបញ្ជាក់ថា ក្រោយពេលលោក ហង្ស ផល្លីមធុរ៉ា បែកបាក់ភរិយា និងលាឈប់សិល្បៈ លោកមិនមានប្រាក់កាស់សេសសល់នោះទេ ដោយសូម្បីតែផ្ទះក៏គ្មាននៅនោះដែរ នៅខេត្តបាត់ដំបង ដោយសារតែចាញ់ក្ដីប្រពន្ធដើម។ យ៉ាងណាមិញ អ្នកស្រីថា ជីវភាពរបស់លោកមិនលំបាកខ្លាំងពេកនោះទេ ប៉ុន្តែមកពីលោកពិបាកចិត្តរឿងធ្លាក់ខ្លួន ហើយមិនព្រមទៅតាមដានជំងឺ ទើបជំងឺដុះសាច់ក្នុងខួរក្បាល ឈានដល់ដំណាក់កាលចុងក្រោយ៕

photo_2016-08-01_10-30-18photo_2016-08-01_10-30-43photo_2016-08-01_10-30-41photo_2016-08-01_10-30-33photo_2016-08-01_10-30-38photo_2016-08-01_10-30-31photo_2016-08-01_10-30-29photo_2016-08-01_10-30-27photo_2016-08-01_10-30-25photo_2016-08-01_10-30-23photo_2016-08-01_10-30-21photo_2016-08-01_10-30-20photo_2016-08-01_12-14-12photo_2016-08-01_12-14-14IMG_9262IMG_9263IMG_9265IMG_9266

មតិយោបល់