ក្រចេះ: ប្រជាពលរដ្ឋមិនក្រោមពី៥០នាក់ បានធ្វើការបះបោរប្រឆាំងនិងកងរាជអាវុធហត្ថក្រុងក្រចេះ ដោយនាំគ្នាចាប់សែងរថយន្តអាវុធហត្ថចេញពីអង្គភាព ដើម្បីយករថយន្តដឹកជន្លង់ម្រេចចេញក្រៅ។
សមត្ថកិច្ចនិយាយថា នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៣ សីហា នេះ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាប្រមូលម្ដុំ និងចាប់សែងរថយន្តរបស់សមត្ថកិច្ចចេញពីក្នុងអង្គភាពមកដាក់នៅខាងក្រៅ បន្ទាប់មកក៏យករថយន្តដឹកជន្លង់ម្រេច ដែលសមត្ថកិច្ចចាប់កាលពីម្សិលមិញទៅទុកក្នុងអង្គភាពមកខាងក្រៅវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា ការដែលចាប់រថយន្តដឹកជន្លង់ម្រេចតូចៗនេះ ហាក់មានភាពលម្អៀង ពោលគឺសមត្ថកិច្ចមិនមានវិធានការទៅលើរថយន្តដឹកឈើធំៗ ដែលចរាចរគក្រឹកគគ្រេង និងខុសច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០និង៤០នាទីយប់ កម្លាំងកងរាជអាវុធហត្ថខេត្ត/ក្រុងក្រចេះជិត២០នាក់ រថយន្ត០៤គ្រឿង ដឹកនាំដោយលោក ឯម វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ សហការមន្រ្តីជំនាញ និងមានការសម្របសម្រួលពីលោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្រ្កាបរថយន្តដឹកជន្លង់ម្រេចមួយកន្លែង នៅចំណុចភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
មន្រ្តីអាវុធហត្តខេត្តក្រចេះបានប្រាប់ថា នៅពេលចុះបង្រ្កាប សមត្ថកិច្ចបានឃាត់រថយន្តចំនួន១០គ្រឿង បន្ទាប់មកមានមនុស្សប្រហែល៣០នាក់ ប្រដាប់ដោយដំបង និងទីបបានចុះមកបិទផ្លូវ និងទម្លាក់ឈើចេញរហូតដល់បង្កឲ្យមានការកកស្ទះចរាចរជាច្រើនម៉ោង។
មន្រ្តីដដែលបញ្ជាក់ថា នៅពេលកម្លាំងសមត្ថកិច្ចនាំគ្នារើឈើចេញពីផ្លូវ ក្រុមឈ្មួញ ក៏បានរារាំងមិនឲ្យរើចេញ ហើយក៏មានការរុញច្រានគ្នាទៅវិញទៅមកស្ទើរតែក្លាយទៅជាអំពើហិង្សា។
សមត្ថកិច្ចបានបង្ហាញតួលេខថា ក្រោយប្រតិបត្តិការសមត្ថកិច្ចបានឃាត់រថយន្តម៉ាកសាំងយ៉ុងចំនួន០២គ្រឿង ១គ្រឿងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2T-3414 និង១គ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AC-2750 ដែលដឹកជញ្ជូនឈើអា(ប្រភេទជន្លង់)ចំនួនសរុប២៧០ដើម៕
https://youtu.be/sAPBnvcdWSY
មតិយោបល់