ព័ត៌មានជាតិ

រថយន្តឆ្លាម បុកមនុស្សស្លាប់៣នាក់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៣ និង៥០នាទីទៀបភ្លឺឈានចូល ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នាពីត្បូងទៅជើង លើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខមន្ទីរបក្សឃុំស្លក្រាម ស្ថិតនៅភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-8063 មានគ្នារួមដំណើរ ៣នាក់ បើកបរដោយឈ្មោះ អូក ហៀត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ចំណែក២នាក់ទៀតឈ្មោះ ប៉ក់ សៀវភូ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិឃុំជាមួយគ្នា និងឈ្មោះ ដាន ឡៃសឿប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិតាវឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-7371 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះជី ហឿយ ភេទ ប្រុស រស់នៅស្រុកថ្មពួក បានបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ទាំង ៣នាក់ភ្លាមៗ នៅកន្លែងតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានអាណាព្យាបាល ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន ចំណែករថយន្តវេរចង្កូត ធ្លាក់ពីផ្លូវទៅបុកតូប និងបុករបងផ្ទះជាប់នៅក្បែរផ្លូវ រួចអ្នកបើកបរបានគេចខ្លួនបាត់។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយត្ន័បើកបរមិនប្រកាន់ស្ដាំ។

សម្ភារ:ម៉ូតូ និងរថយន្តខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់