ព័ត៌មានជាតិ

តារាចម្រៀងហង្សមាសលោក ធែល ថៃ បញ្ជាក់ថា «វិជ្ជមានកូវី-១៩»

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ ត្រូវបានរកឃើញថា មានវិជ្ជមានជំងឺកូវី-១៩ ខណៈបច្ចុប្បន្នត្រូវបានអាជ្ញាធរបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
តារាចម្រៀងប្រុសលោក ធែល ថៃ បានបញ្ជាក់ប្រាប់ នៅមុននេះបន្តិចថា លោកពិតជាបានឆ្លងកូវីដ-១៩ មែន ខណៈបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ លោកថា លោកបានឆ្លងជំងឺកូវីដ-១៩ ពីតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ ហើយលោកបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តលើកទី២។
ជាមួយនោះដែរ មន្ត្រីសុខាភិបាលខេត្តកណ្ដាលបានបញ្ជាក់មក ឲ្យដឹងដែរថា តារាចម្រៀង ធែល ថៃ ត្រូវបានក្រុមការងារយកសំណាកទៅពិនិត្យកាលពីថ្ងៃទី២១ ខែកុម្ភៈ ហើយនៅថ្ងៃនេះចេញលទ្ធផលថា មានវិជ្ជមានកូវីដ-១៩ ទើបក្រុមការងារទៅយកលោក មកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ រីឯមន្ទីរសម្រាកព្យាបាល និងសម្ភពសុខា បញ្ញា ដែលមានទីតាំងនៅក្រុងតាខ្មៅ ក៏ត្រូវបិទបណ្ដោះអាសន្នផងដែរ ក្រោយតារាចម្រៀងរូបនេះ បានចូលទៅពិនិត្យជំងឺ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។
ទន្ទឹមនឹងករណីនេះដែរ អ្នកដែលធ្វើការទាំងអស់នៅមន្ទីរសម្រាក និងព្យាបាលសុខាបញ្ញា ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ហើយអាជ្ញាធរក៏ស្នើរដល់អ្នកដែលបានមកចូលពេទ្យកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅត្រូវមកពិនិត្យសំណាក និងដាក់ខ្លួនដាច់ដោយឡែកមួយរយៈពេលសិន ដើម្បីការពារការរីករាលដាលជម្ងឺកូវីដ១៩៕

មតិយោបល់