ឡាវៈ ប្រធានរដ្ឋឡាវ ប៊ុនញ៉ាង វរ៉ាចិត មានប្រសាសន៍សម្ដែងនូវការចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញទៅចូលរួមវេទិកាភាពជាអ្នក ដឹកនាំអាស៊ានលើកទី១៣ ពិសេសការទទួលបាននូវពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលជាពានរង្វាន់ដ៏មានសក្តានុពលរបស់មេដឹកនាំដ៏ឆ្នើមរបស់អាស៊ាន។
ប្រធានរដ្ឋឡាវក៏បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាងក្នុងការជួយដល់ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៦នេះ ពិសេសការខិតខំជួយឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូរបស់អាស៊ាន បញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់កាលពីពេលថ្មីៗកន្លងទៅ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះប្រធានរដ្ឋឡាវ ដែលបានអនុញ្ញាតឲ្យរូបសម្តេចចូលជួបសម្ដេងការគួរសម។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជូនពរ ជូនចំពោះលោក ប៊ុនញ៉ាង វរ៉ាចិត្ត ដែលទើបត្រូវ បានតែងតាំងជាអគ្គលេខាបក្សថ្មី និងជាប្រធានរដ្ឋឡាវ នៅក្នុងមហាសន្និបាតលើកទី១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បាន ជម្រាបជូនប្រធានរដ្ឋឡាវ ពីសភាពការទូទៅរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសការរិតចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ឡាវ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការប្រារព្ធខួប៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ កម្ពុជា ឡាវ ១៥ មិថុនា ឆ្នាំ១៩៥៦-១៥មិ ថុនា ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅប្រកបដោយស្និតស្នាល និងសាមគ្គីភាពបំផុត។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រធានរដ្ឋឡាវ និងបានគោរពអញ្ជើញប្រធានរដ្ឋមកបំពេញទស្សនកិច្ចជាលក្ខណផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្របខាងមុខ ហើយដែលការគោរពយាងអញ្ជើញនោះ ត្រូវបានការទទួលដោយពេញចិត្តពីសំណាក់ប្រធានរដ្ឋឡាវ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ ពិសេសការខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ចកម្ម វិនិយោគ ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេថែមទៀត។
ប្រធានរដ្ឋឡាវក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឡាវ ក្នុងការសហការជាមួយភាគីកម្ពុជា ក្នុងការបង្រ្កាប់ការកាប់ឈើនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា លើបញ្ហាព្រំដែន និងបញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរ៕
មតិយោបល់