ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

កណ្តាល: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី តភ្ជាប់ស្ពានកោះធំខេត្តកណ្តាលឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាសមិទ្ធផលថ្មី ជាសរសៃឈាម ដ៏សំខាន់សម្រាប់តភ្ជាប់តំបន់ជនបទពោរពេញដោយសក្តានុពលកសិកម្មរបស់កម្ពុជា ទៅនិងទីប្រជុំជន។

ស្ពានកោះធំនេះ មានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩,៣៩ លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ២,៨លានដុល្លារអាមេរិក។ ស្ពានថ្មីជាប្រវត្តិសាស្ត្រដែលត្រូវតភ្ជាប់នាថ្ងៃនេះ មានទីតាំងនៅត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ គឺតភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

តួស្ពាននេះ មានប្រវែងសរុប ៤១៥ម៉ែត្រ និងមានទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ក្នុងទទឹង ១៣,៥០ម៉ែត្រនេះ មានផ្លូវរថយន្តទទឹង ៣,៥០ម៉ែត្រ មាន ០២គន្លង ផ្លូវម៉ូតូទទឹង ១,៩០ម៉ែត្រ មាន០២គន្លង ផ្លូវថ្មើរជើងទទឹង ១,៣៥ម៉ែត្រ មាន ០២គន្លង ហើយផ្ទៃខាងលើ នៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់ ០៥សង់ទីម៉ែត្រ។

ស្ពានកោះធំ ត្រូវបានសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអាន របស់ប្រទេសចិន ដែលត្រូវប្រើរយៈពេលសាងសង់ ៣៦ខែ ចាប់ផ្ដើមពីខែមីនា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នាចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ២០១៧ ខាងមុខនេះ៕

photo_2016-08-07_22-33-34photo_2016-08-07_22-33-37photo_2016-08-07_22-33-46photo_2016-08-07_22-33-49photo_2016-08-07_22-33-56photo_2016-08-07_22-33-59photo_2016-08-07_22-34-05photo_2016-08-07_22-34-09photo_2016-08-07_22-34-15photo_2016-08-07_22-34-18photo_2016-08-07_22-34-23

មតិយោបល់