ព័ត៌មានជាតិ

ឡានដឹកដីបើកលឿន ខ្វះការប្រុងប្រយ័ត្នទៅបុករថយន្ត Mercedes ឆ្លងផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើកបររថយន្ដដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Mercedes កំពុងបត់ឆ្វេងឆ្លងផ្លូវខូចខាតយ៉ាងដំណំសងថ្លៃជួសជុល២០០ដុល្លារនិង១០ម៉ឺនរៀលបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មហាវិថីឈ្នះឈ្នះកែងផ្លូវបេងតុង ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងម៉ាក HYUNDRI ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C.1891 បើកបរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តម៉ាក MERCEDES មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F.6508 ខណ:ដែលរថយន្តបើកពីកើតទៅលិច តាមបណ្តោយមហាវិថីឈ្នះឈ្នះ រួចកំពុងបត់ឆ្វេងឆ្លងមហាវិថីឈ្នះឈ្នះ តែឆ្លងមិនទាន់ផុតក៏បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចចរាចរណ៍ខណ្ឌជ្រោយចង្វារ បានចុះមកដល់ ធ្វើការវាស់វែងរួចរាល់ រួចភាគីទាំងពីរ ធ្វើការចរចានិងសម្របសម្រួលគ្នា អស់រយ:ពេលជិតកន្លះម៉ោង ទើបភាគីខាងរថយន្តដឹកដីព្រមសងសំណងទៅលើការខូចខាតចំនួន ២០០ដុល្លារនិង១០ម៉ឺនរៀលទៅលើភាគីរថយន្ត Mercedes ដើម្បីបញ្ចប់រឿង៕

មតិយោបល់