ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៧ សីហា លោកកុល សែម ដែលជាអតីតតារាចម្រៀង ម្ចាស់បទ«ស្រីខ្មៅមាសបង ឬមាន់រវាង» និងបទចម្រៀងជាច្រើនកាលពីជំនាន់ដើម ត្រូវបានកូនចៅដឹកចូលទៅសង្គ្រោះបន្ទាន់ជាថ្មីម្ដងទៀត បន្ទាប់ពីលោកទើបតែត្រូវបានអនុញ្ញាតិឲ្យចេញពីពេទ្យបានមួយរយៈខ្លី។ លោកកំពុងស្ថិតក្នុងបន្ទាប់ ICU ដោយតាមការលើកឡើងរបស់ក្រុមគ្រួសារគឺសភាពជំងឺនៅតែដុនដាប និងប្រឈមការចំណាយខ្ពស់នៅក្នុងការសម្រាកព្យាបាលនៅក្នុងមន្ទីរលោកសង្ឃ។
លោក សួន ពិសិដ្ឋ កូនប្រុសពៅរបស់លោក សួន សុខ ដែលមានឈ្មោះសិល្បៈថា កុល សែម បានអះអាងថា ម្ចាស់បទ«សត្វក្ដាន់បោលក្ដូង»រូបនេះ ក្រោយពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យក្នុងពេលធ្វើទុក្ខខ្លាំងកូនចៅក៏សម្រេចនាំចេញពីពេទ្យ ដោយសារតែសភាពជំងឺរបស់លោករាងស្រាលបន្តិច និងដោយសារតែបញ្ហាខ្វះខាតថវិកាព្យាបាលជំងឺផង។
កូនចៅបានទាំងនាំគ្នាសង្ឃទានធ្វើបុណ្យបណ្ដោះគ្រោះឲ្យលោកនៅផ្ទះដើម្បីឲ្យលោកបានធូរតាមជំនឿសាសនានោះផង ប៉ុន្តែនៅផ្ទះមិនបានប៉ុន្មានម៉ោងផងក៏ត្រូវដឹកមកកាន់មន្ទីរពេទ្យវិញ កាលពីថ្ងៃល្ងាចថ្ងៃទី៧ សីហា ម្សិលមិញ ដោយសារតែលោកចង់ស្ទះ និងមានអាការៈដូចគ្នានឹងពេលយកមកសង្គ្រោះបន្ទាន់គ្រាមុន។ លោកត្រូវបានបញ្ចូលអាហារតាមបំពង់ទុយោដដែលដោយសារតែការពិបាកអ្វីមិនបាន ហើយរាងកាយចុះខ្សោយខ្លាំងរហូតតម្រូវឲ្យដាក់អុកស៊ីហ្សែនម្ដងៗក្នុងពេលធ្វើទុក្ខ។ លោកថាជំងឺរបស់ឪពុកលោកត្រូវបានគ្រូពេទ្យកំណត់ឲ្យសម្រាកនៅបន្ទប់ ICU ដោយសារតែមានអាការៈប្រែប្រួលគ្រប់ពេល និងត្រូវបានចាត់ទុកថាជាអ្នកជំងឺដែលមានសភាពធ្ងន់។
លោកសួន ពិសិដ្ឋ បន្តថា ឪពុករបស់លោកត្រូវបានរកឃើញថាមានបញ្ហាជាតិពុលជាថ្មី ហើយធ្វើទុក្ខក្រលៀន និងតម្រងនោមធ្ងន់ធ្ងរ បន្ថែមពីលើជំងឺលើសឈាមដែលមានសភាពធ្ងន់ស្រាប់។ ក្នុងនោះលោកមិនអាចនិយាយបានដូចអ្នកជំងឺផ្សេងនៅឡើយទេ ដោយគ្រាន់តែអាចបើកភ្នែកមើលឃើញកូនចៅ និងគ្រូពេទ្យបានបន្ដិចបន្តួច។ លោកថាចាប់តាំងពីមានការចុះផ្សាយពាក់ព័ន្ធនឹងរឿងលោកឪពុករបស់លោកឈឺធ្ងន់ គឺ មានតារាសិល្បៈជាច្រើនបានពាំនាំជំនួយមកឲ្យ ហើយបើកុំតែបានជំនួយទាំងនោះ ប្រហែលក្រុមគ្រួសាររបស់លោកបះជើងយូរហើយ ដោយសារតែកូនចៅរបស់ឪពុកលោកទាំងអស់ ភាគច្រើនគឺបានត្រឹមតែមួយគ្រប់ៗ។ លោកទទូចឲ្យមានការជួយសង្គ្រោះជាថ្មី អ៊ីចឹងហើយទើបគេឃើញតារាសិល្បៈដូចជាអ្នកនាង សឿ សុធារ៉ា ផ្ដល់ការបរិច្ចាគចំនួន៥០ដុល្លារតាមរយៈស្ថាបនិក Group «គ្រួសារតារាកម្ពុជា» និងមានសមាជិកនៅក្នុងគ្រុបនេះជាច្រើនទៀត ដូចជាលោកសន វិជ្ជបុត្រជាដើមទៀត ក៏បានពាំនាំថវិកាយកទៅប្រគល់ជួនបណ្ដាក់គ្នា។
សម្រាប់សប្បុរសជនដែលចង់ជួយដល់លោក កុល សែម ម្ចាស់បទ«មាន់រងាវ»ដែលកំពុងមានសភាពធ្ងន់នៅក្នុងមន្ទីរពេទ្យលោកសង្ឃ អាចទំនាក់ផ្ទាល់តាមរយៈលេខ ០១២ ៩៩ ៥៨ ៤៣៕
មតិយោបល់