ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពេទ្យចិនស្ម័គ្រចិត្ត និងសមាគម ទឹកចិត្តមនុស្សធម៌ ចុះជួយព្យាបាល ស្រុកអង្គរធំ

សៀមរាបៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិង សប្បុរសជន សមាគមទឹកចិត្តមនុស្សធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣០០នាក់ ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន៤ឃុំ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុង បរិវេណសាលាបឋមសិក្សា ជប់តាត្រាវឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ។

ក្នុងឱកាសចុះពិនិត្យ លោកស្រី ឧកញ៉ាលឹម ឈីវហូរ ប្រធានអង្គការពន្លឺ អភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានលើកឡើងថា ក្រុមគ្រូពេទ្យ និង សប្បុរសជន នៃសាធារណរដ្ឋប្រជាមានិតចិន តែងតែចុះមកពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងមួយឆ្នាំ២ដង នៅក្នុងខែ មីនា និង ខែសីហា ជារៀងរាល់ឆ្នាំ ។

លោកស្រីលឹម ឈីវហូរ បានបញ្ជាក់ថា នាឆ្នាំកន្លងមក ក៏បានចុះធ្វើការព្យាបាល ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មានចំនួនជាង៣ម៉ឺននាក់ ក្នុង៣ខេត្ត គឺខេត្តកែប បាត់ដំបង និងខេត្តកំពង់ស្ពឺ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ បានចុះមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ដោយឡែកនៅស្រុកអង្គរធំថ្ងៃនេះ ក៏មានប្រជាពលរដ្ឋ ចូលមកពិនិត្យ ព្យាបាលជម្ងឺទូទៅ និង ទទួលអំណោយអង្ករ មានចំនួនប្រមាណ ២ពាន់នាក់ ។

លោកជំទាវ ក៏បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត និង សប្បុរសជនទាំងនេះ នឹងបន្តចុះទៅព្យាបាលប្រជាពលរដ្ឋ នៅខេត្តកណ្តាល ។

ក្នុងនាមអាជ្ញាធរខេត្ត និង ប្រជាពលរដ្ឋខេត្តសៀមរាប លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះអង្គការពន្លឺអភិវឌ្ឍន៍ ដើម្បីជនក្រីក្រ ដែលបានសហការជាមួយ សមាគមទឹកចិត្តមនុស្សធម៌ ប៉ាយសួយ ឡាវយាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជ្រើសរើស ខេត្តសៀមរាប ធ្វើជាគោលដៅ ក្នុងការដឹកនាំក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និង ព្យាបាលជម្ងឺ និង ផ្តល់អង្ករជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ , ជីក្រែង , អង្គរជុំ និង ស្រុកបន្ទាយស្រី ក្នុងរយៈពេល៣ថ្ងៃនេះ ។

លោកបណ្ឌិត ក៏បានលើកឡើងថា ការចុះមកបំពេញ បេសកកម្មមនុស្សធម៌ នៅកម្ពុជា របស់ក្រុមគ្រូពេទ្យនៃសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងការរឹតចំណងមិត្ត រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំ ។ សកម្មភាពទាំងនេះ គឺជាសក្ខីភាពដ៏សប្បុរសធម៌ ក្នុងការជួយដល់ សង្គម និង ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និង អង្គការសង្គមស៊ីវិល សប្បុរសជននានា លើសេចក្តីសុខសុភមង្គល របស់បងប្អូនផងដែរ៕

20160808_08485420160808_08525820160808_08531220160808_08541320160808_09082120160808_090915

មតិយោបល់