ព័ត៌មានជាតិ

ធ្វើកំណែទម្រង់លើការប្រឡងជ្រើសរើសបេក្ខជនចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍

ភ្នំពេញៈ កន្លងទៅនេះ មានការរិះគន់ខ្លាំងៗពីសាធារណៈជនតាមបណ្តាសង្គម លើបញ្ហាមគ្គុទ្ទេសក៍ទេសចរណ៍ ខណៈក្រសួងទេសចរណ៍បានខិតខំធ្វើកិច្ចការកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍យ៉ាងយកចិត្តទុកដាក់បំផុតរយៈពេល៣ឆ្នាំមកហើយ។

ដូច្នេះដើម្បីបង្ហាញពីភាពស្អាតស្អំ តម្លាភាព និង យុត្តិធម៌ លើការប្រឡងជ្រើសរើសបេក្ខជនចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ក្រសួងបានបង្កើតគណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេសក៍ទេសចរណ៍ សម្រាប់ត្រួតពិនិត្យលើការរៀបចំការប្រឡង និងការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យនានា ដែលទទួលសិទ្ធរៀបចំការប្រឡងចូលនិងបណ្ដុះបណ្ដាលនេះ។

ដើម្បីធានាបាននូវភាពយុត្តិធម៌ តម្លាភាព និងទទួលបានការគាំទ្រពីសាធារណៈជន កន្លងទៅថ្មីៗនេះក្រសួងទេសចរណ៍បានអញ្ជើញអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមសង្កេតការណ៍លើគ្រប់សកម្មភាពនៃការប្រឡងជ្រើសរើសចូលរៀន រាប់ចាប់ពីការរៀបចំវិញ្ញាសា ការត្រួតពិនិត្យពេលប្រឡង ការកាត់ក្បាលវិញ្ញាសារ និងចុះលេខលើក្រដាសកិច្ចការការកែវិញ្ញាសារ ការចេញលទ្ធផលភ្លាមៗចំពោះមុខគណៈកម្មការប្រឡង ដែលរួមមានតំណាងសមាគមន៍មគ្គុទ្ទេសក៍ ការចូលរួមត្រួតពិនិត្យការប្រឡងផ្ទាល់មាត់។

លើសពីនេះក៏មានការថតសម្លេងទុករបស់បេក្ខជនម្នាក់ៗ ការបំពាក់កាម៉េរ៉ាតាមដានការកែវិញ្ញាសារ ការថតភស្ដុតាងនានារក្សាទុក ពោលគឺមិនអាចមានជនណាម្នាក់ប្រពឹត្តខុសនឹងនីតិវិធីដែលបានដាក់ចុះ និងមិនអាចមានឥទ្ធិពលលើលទ្ធផលជាក់ស្ដែង ដែលត្រូវបានឯកភាពភ្លាមៗនៅចំពោះមុខអ្នកចូលរួមចម្រុះបានឡើយហើយគណៈកម្មការបានបើកសិទ្ធិឲ្យបេក្ខជនគ្រប់រូប ធ្វើការប្ដឹងតវ៉ា លើគ្រប់ករណីទាំងអស់ទៅអាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់ថា ការជ្រើសរើសសិក្ខាកាមចូលរៀនវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ជំនាន់ទី២២ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រសួងទេសចរណ៍ត្រូវការជ្រើសរើសសិក្ខាកាមចំនូន១៥៥ ប៉ុន្តែមានបេក្ខជនប្រឡងជាប់តែ១២៦នាក់ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនប្រឡងចំនួន៨៥០នាក់៕

photo_2016-08-08_14-11-38photo_2016-08-08_14-11-40photo_2016-08-08_14-11-42

មតិយោបល់