ភ្នំពេញៈ បែកធ្លាយរឿងមន្ត្រីយាមនៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ទារលុយពីពលករិនី ជាថ្នូរនឹងការជួយសម្រួលឲ្យបានត្រឡប់មកមាតុប្រទេសវិញ ហើយត្រូវរដ្ឋាភិបាលបញ្ឈប់ពីការងារ បន្ទាប់ពីរកឃើញកំហុសដូចការចោទប្រកាន់ និងព្រមានមិនស្ដាប់មកនោះ។
មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ថា ក្រោយទទួលបានព័ត៌មានអំពីការលើកឡើងរបស់ពលការិនី ខ្លុយ មុនី ថា មានបុគ្គលិករបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានទារប្រាក់ពីនាង ជាថ្នូរសម្រាប់ជួយឲ្យនាងបានវិលត្រឡប់មកកម្ពុជាវិញ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី ជុំវិញការលើកឡើងរបស់ពលការិនី ខ្លុយ មុនី ថា បានធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ស្ថានទូត និងរបស់ក្រសួង ដូចនេះចាំបាច់ត្រូវរកឲ្យឃើញអ្នកដែលបានប្រព្រឹត្តខុសឆ្គងនេះ ប្រសិនបើមាន។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លោកមិនអាចអត់ឱនចំពោះករណីខុសឆ្គងបែបនេះឡើយ ព្រោះការជួយដល់ពលរដ្ឋខ្មែរ ពិសេសពលករ/ពលការិនីនៅក្រៅប្រទេស គឺជាកាតព្វកិច្ចរបស់ស្ថានទូត/ស្ថានអគ្គកុងស៊ុលទាំងអស់ ដូចដែលក្រសួងបានណែនាំជាប់ជាប្រចាំ។ ប៉ុន្តែយើងត្រូវផ្តល់ឱកាសឲ្យជនត្រូវចោទប្រកាន់ធ្វើការការពារខ្លួន។ វិធីងាយបំផុត ត្រូវរៀបចំឲ្យមានជំនួបទល់មុខគ្នារវាងពលការិនី ខ្លុយ មុនី ជាមួយជនត្រូវចោទប្រកាន់។
លោក ជុំ សុន្ទរី បន្តឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ឯកអគ្គរាជទូតបានប្រជុំមន្ត្រី និងបុគ្គលិកស្ថានទូតទាំងអស់ជាបន្ទាន់ លើករណីឈ្មោះ អាតាំ រោសាតតេ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរឥស្លាម ដែលធ្លាប់ត្រូវបានស្ថានទូតព្រមានម្តងរួចហើយ កាលពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងរឿងទារប្រាក់ពលករខ្មែរ។ អង្គប្រជុំបានសម្រេចបញ្ឈប់ការងារអ្នកយាមឈ្មោះ អាតាំ រោសាតតេ ចាប់ពីថ្ងៃប្រជុំតទៅ ក្រោយរកឃើញថា ការលើកឡើងរបស់ពលការិនី ខ្លុយ មុនី ជារឿងពិត ដោយនាងបានចង្អុលចំមន្ត្រីយាមស្ថានទូតនោះតែម្ដង។ ស្ថានទូតនឹងជ្រើសរើសអ្នកយាមថ្មី ដោយការប្រយ័ត្នប្រយែងជាទីបំផុត ដើម្បីជៀសវាងរឿងនេះកើតឡើងម្តងទៀត។
គួរជម្រាបថា ពលការិនី ខ្លុយ មុនី ដែលជាអ្នកស្រុកស្អាង ខេត្តកណ្តាល បានចាញ់បោកមេខ្យល់ជិះឡានមកធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ដោយឆ្លងកាត់ប្រទេសថៃ កាលពីឆ្នាំ២០១៥។ ប៉ុន្តែដោយធ្វើការលំបាកពេក នាងក៏រត់ចេញពីផ្ទះថៅកែ និងដោយចង់ត្រឡប់មកកម្ពុជាវិញ នាងក៏បានទៅស្ថានទូតវេលាម៉ោងប្រមាណ៦ព្រឹក ចំនួន២លើក (ពុំចាំថ្ងៃ) ហើយបានជួបមនុស្សប្រុសម្នាក់ ទារលុយចំនួន១៥០០រីងហ្គីត (លើកទី១) និង៤០០០រីងហ្គីត (លើកទី២) ដើម្បីជួយឲ្យបានទៅផ្ទះ។ បច្ចុប្បន្នពលការិនី ខ្លុយ មុនី កំពុងស្នាក់នៅស្ថានទូតដោយសុវត្ថិភាព ហើយស្ថានទូតនឹងរៀបចំបែបបទ (លិខិតបើកផ្លូវ បង់ផាកពិន័យ និងទិញសំបុត្រយន្តហោះ)ជូននាងត្រឡប់ទៅកម្ពុជាវិញ នៅក្នុងសប្តាហ៍ក្រោយ។
បើតាម លោក ជុំ សុន្ទរី ចាប់ពីខែឧសភា ឆ្នាំ២០១៦ មកដល់ពេលនេះ ស្ថានទូតបានជួយពលករខ្មែរ ឲ្យបានត្រឡប់ទៅកម្ពុជាវិញ ចំនួន៤៥នាក់ ដោយពុំដែលទាមទារអ្វីទេ។ ក្រៅពីនេះ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលរង់ចាំដំណោះស្រាយ ស្ថានទូតបានផ្តល់ដោយឥតគិតថ្លៃ នូវកន្លែងស្នាក់នៅ ហូបចុក ថ្លៃពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ជូនពលរដ្ឋខ្មែរ ចំនួន១០ទៅ១៥នាក់៕
មតិយោបល់