ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា (ADB) នឹងធ្វើការអញ្ជើញមន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីអបអរសាទរខួបទី៥០ នៃវត្តមាន និងការរួមចំណែករបស់ខ្លួននៅកម្ពុជា នាពេលខាងមុខ។
គម្រោងការអញ្ជើញនេះ បានធ្វើឡើងរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ខណៈពេលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យលោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនោះ លោកនាយក ADB បានជម្រាបជូនថា សម្រាប់ការប្រារព្ធពិធីអបអរខួបទី៥០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួន២ គឺកិច្ចពិភាក្សាកម្រិតខ្ពស់ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើជាវាគ្មិនដែលគ្រោងធ្វើនៅដើមខែតុលាខាងមុខ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះ នឹងផ្តោតលើការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងអំឡុងពេល៥០ឆ្នាំ មកនេះ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះហើយ ដែលជាកម្មវត្ថុនៃការអញ្ជើញលោករដ្ឋមន្ត្រីចូលរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនាពេលនេះ។ ព្រឹត្តិការសំខាន់មួយទៀត គឺការប្រកួតប្រជែងជាអត្ថបទសម្រាប់និស្សិតកម្ពុជា ស្តីពីការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងវិស័យដែលធនាគារអភិវឌ្ឍន៍អាស៊ីអាច ជួយដល់កម្ពុជា នាពេលអនាគត។
ក្នុងឱកាសនោះ លោក វេង សាខុន រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយឧបត្ថម្ភដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងនិយាយដោយឡែក ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដែលជាវិស័យចម្បងមួយដែលធនាគារអភិវឌ្ឍន៍អាស៊ី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានទទួលយកការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការចូលរួមជាវាគ្មិននៃវេទិកាពិភាក្សាកម្រិតខ្ពស់។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការរួមចំណែកបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕
មតិយោបល់