ភ្នំពេញ:សាលារាជធានីភ្នំពេញ បានសម្រេចកែសម្រួល និងលុបបំបាត់ចោលនូវរង្វង់មូលចំនួនបីកន្លែង ដើម្បីសម្រួលចរាចរ ក្រោយពីមានការកកស្ទះ ជារាល់ថ្ងៃនោះ។ កាសម្រេចឲ្យមានការកែសម្រួល និងលុបបំបាត់ចោលនូវរង្វង់មូលចំនួនបីកន្លែងនេះ បានបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១២ និងជំនាញពាក់ព័ន្ធ ក្រោមអធិបតីភាព លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មេសា នៅសាលារាជធានីភ្នំពេញ ។
នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ដោយមានបញ្ហាកកស្ទះចរាចរណ៍ខ្លាំង នៅចំណុចរង្វង់បីកន្លែង នៅក្នុងរាជធានីភ្នំពេញនោះ ខាងមន្ទីរបានឲ្យជំនាញពាក់ព័ន្ធចុះធ្វើការសិក្សានៅចំណុចរង្វង់មូលទាំងនោះ ហើយក្រោយការសិក្សាបានបង្ហាញឲ្យឃើញថា មិនអាចរក្សាទុកនៅរង្វង់មូលទាំងនោះនៅបន្តទៀតទេ ពោលគឺត្រូវតែធ្វើការកែសម្រួល និងយករង្វង់មូលនោះចេញតែម្តង។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា រង្វង់មូលដែលត្រូវយកចេញ ទី១. រង្វល់មូលទួលគោក រង្វង់មូលនេះ ក្រោយការយកចេញយើងនឹងបំពាក់ទៅដោយភ្លើងស្តុប ដាក់របាំង ស្លាកចរាចរថ្មី ឲ្យដូចស្តុបនាងគង្ហីងអញ្ចឹងដែរ ។ ទី២. រង្វង់មូលកាំកូស៊ីធី ក្រោយការយកចេញសាលារាជធានីនឹងបំពាក់ភ្លើងស្តុប ដាក់របាំង ស្លាកចរាចរថ្មី ឲ្យដូចស្តុបទួលគោកខាងលើដែរ ។ ទី៣. ចំពោះរង្វង់មូលចោមចៅវិញ ក៏នឹងធ្វើការកែសម្រួលផងដែរ តែអង្គប្រជុំនេះមិនបានបង្ហាញថា ត្រូវយករង្វង់មូលនេះចេញ ឫយ៉ាងណានោះទេ ដោយទុកឲ្យមន្ត្រីជំនាញ សិក្សាឲ្យបានច្បាស់លាស់ជាមុនសិន ។
ចំពោះគម្រោងខាងលើ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានយល់ស្របនឹងសម្រេចឲ្យមានការយកចេញនឹងកែសម្រួល រង្វង់មូលទាំងបីកន្លែងនេះឡើងវិញ សំដៅធ្វើយ៉ាងណាសម្រួលចរាចរដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការកកស្ទះចរាចរនៅត្រង់រង្វង់មូលទាំងបីកន្លែងនេះបន្តទៀត៕
មតិយោបល់