ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្មករនិយោជិករោងចក្រ មែន អ៊ូ ផ្ទុះការតវ៉ា ត្រូវបានបញ្ចប់ក្នុងភាពស្រពិចស្រពិល

ព្រះសីហនុៈ ការតវ៉ាទាមទារបស់កម្មករ និយោជិក នៃរោងចក្រ មែន អ៊ូ មានទីតាំងស្ថិត ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរំសាយវិញហើយ នាល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០១៦ នេះ បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃមក។ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ។

លោក បានបញ្ជាក់ថា ក្រោយពីមានការផ្សះផ្សាយ៉ាងតឹងតែងទំនាស់រវាងកម្មករ និងថៅកែរោងចក្រពេញមួយថ្ងៃមក ជាលទ្ធផល មួយជោគជ័យ គឺភាគីរោងចក្រ និងភាគីកម្មករ បានព្រមព្រៀងគ្នា លើលក្ខណទាំង១៣ ចំនុចដែលក្រុមកម្មករ និយោជិកទាមទារ បើទោះបីជាមានចំនុចមួយចំនួនមិនសូវស៊ីសង្វាក់គ្នាយ៉ាងណាក្តី។

ជុំវិញបញ្ហានៃការតវ៉ានេះ កម្មករម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឡើងថា ការតវ៉ារបស់កម្មករ និយោជិក របស់ក្រុមហ៊ុន មែន អ៊ូ ដោយសារតែកន្លងមក ក្រុមហ៊ុនមិនបានគោរព ឫអនុវត្ត តាមច្បាប់ការងារ បិទសិទ្ធកម្មករ ដូចជាបង្ខំឲ្យកម្មករ ធ្វើការបង្គ្រប់ចំនួន ដោយបន្ថែមម៉ោងមិនគិតប្រាក់ រើសអើងកម្មក និងអ្នកគ្រប់គ្រងប្រើសំដីអសុរសជាមួយកម្មករ ជាពិសេសស្ត្រីប្រធានរដ្ឋបាល មើលងាយកម្មករ ក្នុងម៉ោងធ្វើការក្រុមហ៊ុនមិនបើកកង្ហារជាដើម ។ល។

ប្រភពបានបន្តថា បើទោះបីជាការសម្របសម្រួលរវាងភាគីកម្មករ និយោជិក និងថៅកែរោងចក្រ បានព្រមព្រៀងយ៉ាងណាក្តី ប៉ុន្តែសម្រាប់រូប កញ្ញាហាក់នៅមានការព្រួយបារម្ភ ដដែលព្រោះ កន្លងមកកម្មករ និយោជិក ក្រុមហ៊ុននេះក៏ធ្លាប់ធ្វើកូដកម្មម្តងរួចហើយដែរ ប៉ុន្តែអ្វីៗបានតែមួយខ្យល់ គ្រាដែលថៅកែរោងចក្រព្យាយាមការពារប្រធានរដ្ឋបាល ដែលតែងតែប្រើសំដីមិនសមរម្យមកលើកម្មករ។

ហេតុនេះ ក្នុងនាមកញ្ញា ជាកម្មករមួយរូប សូមស្នើយ៉ាងទទូចដល់ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ មេត្តា ចុះធ្វើអធិការកិច្ចឲ្យបានញឹកញាប់ លើការអនុវត្តច្បាប់ ការងាររបស់រោងចក្រ មែន អ៊ូ នេះ បើពុំដូចនោះទេ អ្វីៗអាចវិវត្តន៍ទៅរកភាពដើមវិញ៕

photo_2016-04-21_14-24-34 photo_2016-04-21_14-24-40

មតិយោបល់