ព្រះសីហនុ: ដីនៅជុំវិញបឹងព្រែកទប់ តំបន់ហាមឃាត់ ថ្មីៗនេះត្រូវបានគេមើលឃើញថាមាន មនុស្សមួយក្រុមបាននាំគ្នាចូលទៅធ្វើការ វាស់វែងនឹងបោះបង្គោល បាញ់ថ្នាំប្រហម ជាច្រើនកន្លែងដោយគេមិនដឹងថា ការធ្វើការវាស់វែង នឹងបានបោះបង្គោលកំណត់ព្រំច្បាស់លាស់បែបនេះ ពួកគេ មានគោល បំណងបែបណានោះទេ។
ពាក់ពន្ធ័ការបោះបង្គោលខាងលើនេះ យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននិយាយប្រាប់ឲ្យដឹងថា ការវាស់វែង និងបោះបង្គោលដែលមានបាញ់ថ្នាំពណ៌ក្រហមខាងលើនេះ គឺគេធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
ដោយក្រុមអ្នកចុះធ្វើការវាស់វែងមានគ្នា ចំនួន៤នាក់ក្នុងនោះមានម្នាក់ជាមន្រ្តីប៉ូលិសរដ្ឋបាលប៉ុស្តិ៍សង្កាត់លេខ៤ផងដែរ ដឹកនាំដោយឈ្មោះ ហេង ប៉ិច ជាកូនប្រុស លោក ហេង ហ៊ុយ។
សកម្មភាពការចុះវាស់វែងរបស់ពួកគេធ្វើឡើងហាក់ដូចជា មន្រ្តីជំនាញសុរិយោដី យ៉ាងដូចច្នេះដែរ គឺមានអ្នកទាញខ្សែវាស់ មានអ្នកកត់ត្រា កំណត់ព្រំ នឹងមានអ្នក ចាំបោះបង្គោលបាញ់ថ្នាំក្រហម យ៉ាងសកម្មផងដែរ ដោយជុំវិញការចុះវាស់វែង និងបោះបង្គោលនេះ គេមិនដឹងថា ក្នុងគោលបំណង បែបណានោះទេ ប៉ុន្តែគ្រាន់តែដឹងថា ឈ្មោះ ហេង ប៉ិច នេះជាគឺជាមនុស្សសំខាន់បំផុតដែលពាក់ពន្ធ័រំលោភបំពានដីបឹងព្រែកទប់ខាងលើនេះកន្លងមក។
លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដី និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថាជុំវិញសកម្មភាព ការចុះវាស់វែងក៏ដូជាការបោះបង្គោលនៅលើដីបឹងព្រែកទប់ ដែលជាតំបន់ហាមឃាត់ខាងលើនេះលោកមិនបានដឹងនោះទេ ហើយបញ្ហានេះក៏គ្មានការពាក់ពន្ធ័ជាមន្រ្តី ជំនាញរបស់លោកដែរ ពីព្រោះ រឿងដីបឹងព្រែកទប់នេះបើគ្មានបទបញ្ជាណាមួយពីររដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុរិយោដី និងសំណង់ទេនោះ ក៍មិនអាចធ្វើអ្វីបាននោះឡើយហើយសំរាប់បុគ្គលណាដែលមានការពាក់ពន្ធ័ចុះធ្វើសកម្មភាពចុះវាស់វែង ឬបោះបង្គោលខាងលើនេះបុគ្គលនោះ ត្រូវតែទទូលខុសត្រូវដោយខ្លូនឯងចំពោះមុខច្បាប់។
គួររំលឹកផងដែរថា ដីតំបន់បឹងព្រែកទប់នេះបើយោងតាម ស.ជ.ណ លេខ៧២ ចុះថ្ងៃទី១៩មករា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី កន្លងទៅថ្មីៗបានប្រកាសធ្វើការសើរ និងពិនិត្យឡើងវិញអ្នកដែលពាក់ពន្ធ័ កាន់កាប់មិនប្រក្រតីលើដីតំបន់បឹងព្រែកទប់ (បឹងស្តុបទឹកស្អាត) តាមនិតីវិធីច្បាប់ដើម្បី ប្រមូលដីបឹងព្រែកទប់យកមកវិញ ស្នើសុំដាក់បឹងព្រែកទប់ជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ ប៉ុន្តែ (សជណ) ខាងលើនេះ ហាក់ដូចជាមិនមានប្រសិទ្ធិភាពសោះ ដោយសកម្មភាពនៃការរំលោភបំពាន ដីបឹងព្រែកទប់ ចេះតែកើតមានជាហូរហែរ ជាក់ស្តែងដូចជាករណីចុះវាស់វែងរបស់ក្រុម ឈ្មោះ ហេង ប៉ិច ខាងលើនេះ អញ្ជឹងគឺពួកគេចុះធ្វើវាស់វែងបានយ៉ាងរលូន៕
មតិយោបល់