ព័ត៌មានជាតិ

សាហាវមែន! ខឹងថៅកែរោងចក្របញ្ឈប់ពីការងារ យកកាំបិតប៉័ងតោកាប់ទៅលើគូទំនាស់ខ្លួនបណ្ដាលឲ្យរបួស ២នាក់យ៉ាងដំណំ

កណ្ដាលៈ វេលាម៉ោង១១និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រខេមអេភីអាយ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យម្នាក់ខឹងថៅកែរោងចក្របញ្ឈប់ពីការងារ បន្ទាប់ពីមានទំនាស់ជាមួយកម្មករដែលធ្វើការរោងចក្រដូចគ្នា មានចិត្តខឹងយកកាំបិតប៉័ងតោកាប់ទៅលើគូទំនាស់របស់ខ្លួន និងបន្តកាប់ទៅលើបុរសម្នាក់ទៀត ដែលមកជួយលើកជនរងគ្រោះចំនួន១កាំបិត បណ្ដាលឲ្យជនរងគ្រោះទាំង ២នាក់ទទួលរងរបួសយ៉ាងដំណំ ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុន រាជ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដូនអៀត ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឆន ជ័ង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ(របួសខ្នងដេរចំនួន៤ថ្នេរ) ។ ទី២-ឈ្មោះ សូត្រ ហ័ង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧត្តុង្គខេត្ត ខេត្តកំពង់ស្ពឺ ។

ដំណើររឿង៖ មុនពេលកើតហេតុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យនិងរងគ្រោះឈ្មោះ ឆន ជ័ង បានមានទំនាស់ជាមួយគ្នានៅក្នុងរោងចក្រ ក្រោយមកត្រូវបានរដ្ឋបាលរោងចក្របញ្ឈប់ជនសង្ស័យពីការងារ ទើបជនសង្ស័យមានចិត្តខឹង លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះ ដោយយកកាំបិតប៉័ងតោមកជាមួយ រួចរង់ចាំជនរងគ្រោះហូបបាយហើយ ក៏ចូលកាប់ជនរងគ្រោះចំនួន១កាំបិត ឃើញដូច្នោះ ជនរងគ្រោះម្នាក់ទៀតឈ្មោះសូត្រ ហ័ង រត់មកជួយលើកឈ្មោះ ឆន ជ័ង ឡើង ត្រូវជនសង្ស័យកាប់១កាំបិតទៀត ត្រូវត្រង់ក្បាល ហើយជិះម៉ូតូរត់គេចតែម្តង។ រហូតមកដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនសង្ស័យបានមកបើកលុយក្នុងរោងចក្រ ភ្លាមនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះទាំង២នាក់ប្រាកដមែន បន្ទាប់ពីកាប់រួច ខ្លួនបានជិះម៉ូតូរត់គេច ដោយយកកាំបិតទៅបោះចោលក្នុងប្រឡាយទឹក ហើយជិះទៅផ្ទះបាត់ទៅ ៕

មតិយោបល់