កំពតៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោង២និង១០នាទីរសៀលថ្ងៃទី១១ សីហា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកទំនិញបុករថយន្តសាំយ៉ុងដឹកអ្នកដំណើរ បណ្ដាលឲ្យរបួស និងធ្ងន់ស្រាលជិត២០នាក់ ។
ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១២៩ ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-3531 មានដឹកទំនិញចាប់ហួយ ធ្វើដំណើរពីខេត្តកំពតឆ្ពោះទៅភ្នំពេញ។ ចំណែកឯរថយន្តរងគ្រោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-1327 មានដឹកអ្នកដំណើរ១៨នាក់ បើកក្នុងទិសដៅទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តដឹកទំនិញបុកចំពីមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យគាបជាប់តៃកុង និងព្រូឡាន ហើយអ្នករួមដំណើរទាំងចាស់ទាំងក្មេង បានរងរបួសធ្ងន់ និងស្រាល។ ចំណែកអ្នកបើករថយន្តបង្ក និងព្រូ បានរងរបួសស្រាល ហើយអ្នកទាំងពីររត់គេចខ្លួនចូលក្នុងព្រៃបាត់។
ខណៈនេះក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងជួយសង្គ្រោះគាស់យកជនរងគ្រោះ ដឹកតាមរថយន្តសាមុយជាច្រើនគ្រឿង យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់