ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ធុនធំចំណុះ៥តោន ពាក់ស្លាកលេខ ម 0184 ភព3 ដឹកសំភារៈគ្រឿងទេសពេញបានបើកឡើងស្ពានជ្រោយចង្វារត្រើយម្ខាងបានប្រហែល៣០ម៉ែត្ររថយន្តដាច់កាឡេថយក្រោយក្រឡាប់ចាក់សំភារៈពេញគល់ស្ពាន សំណាងដែលគ្មានមនុស្សរងរបួស។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែមេសាឆ្នាំ២០១៤ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ។
បើតាមសម្ដីតៃកុងរថយន្តបានអោយដឹងថា នៅមុនគាត់បានរៀបចំដាក់សំភារៈជាច្រើនពេញរថយន្តរបស់គាត់ត្រង់ចំណុចក្បែរគល់ស្ពានជ្រោយចង្វារត្រើយម្ខាង និងបំរុងដាក់សំភារៈបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ បំណងដឹកឆ្ពោះទៅកាន់ខេត្តកំពង់ចាម ខណៈចេញពីដំណើរឡើងពីគល់ស្ពានជ្រោយចង្វារត្រើយម្ខាងបានប្រហែល៣០ម៉ែត្រ រថយន្តបានដាច់កាឡេថយក្រោយ ហើយគាត់ព្យាយាមជាន់ហ្វ្រាំងដែរ ប៉ុន្តែមិនជាប់ ក៏បណ្ដាលអោយរថយន្តក្រឡាប់ចាក់សំភារៈពេញគល់ស្ពាន សំណាងដែលពុំមានមនុស្សរងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើកំណត់ហេតុនិងនាំយករថយន្តទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វារដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់