ព្រៃវែងៈ ក្រោយពីអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន ព្រមាននគរបាលប៉ុស្តិ៍រដ្ឋបាលជាច្រើន នៅក្នុងខេត្តព្រៃវែង ជាចំហហើយនោះ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់ថា នគរបាលអសកម្ម ត្រូវដកចេញពីតំណែង។
លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី១២ សីហានេះថា ប្រសិនបើនគរបាលប៉ុស្តិ៍ណា មិនកែប្រែពីសកម្មភាពរបស់ខ្លួន ឬក៏អសកម្មនោះ នឹងត្រូវដកចេញពីតំណែង។
លោកស្នងការបានរំលេចថា នៅក្នុងខេត្តព្រៃវែងមានប៉ុស្តិ៍នគរបាល ចំនួន៧ ក្នុងចំណោម១១៦ប៉ុស្តិ៍ ដែលអសកម្មជាងគេ ក្នុងនោះមាននគរបាលប៉ុស្តិ៍ឫស្សីសាញ់ អំពិលក្រៅ កញ្ជ្រៀច ស្មោងខាងត្បូង កំពង់សឹង្ហ ព្រៃខ្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត។
លោកស្នងការ ស្រេង ជា បានសង្កត់ធ្ងន់ប្រាប់ Post News ទៀតថា នគរបាលប៉ុស្តិ៍ទាំង៧ ដែលថ្នាក់លើចាត់ទុកថា អសកម្មនោះ មានបទល្មើសល្បែងស៊ីសង បទល្មើសរកមិនទាន់ឃើញ (ក្រោយលួច ឆក់ ប្លន់កើតឡើង) មិនមានផែនការច្បាស់លាស់ មិនគោរពវិន័យរបស់នគរបាលជាតិ និងមិនទំនាក់ទំនងល្អជាមួយអាជ្ញាធរ ឬប្រជាពលរដ្ឋ។
លោកស្នងការបានប្រាប់ទៀតថា នគរបាលណា ដែលខ្សោយ ថ្នាក់លើជំរុញបន្ថែម តែដោយឡែកនគរបាលណាអសកម្ម ឬមិនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ នឹងត្រូវដកចេញពីតំណែង។
ជាមួយគ្នានោះ លោក នេត សាវឿន ក៏បានលើកឡើងជាចំហផងដែរ ពាក់ព័ន្ធនគរបាលមួយចំនួននៅក្នុងខេត្តព្រៃវែង ដោយលោកព្រមានដកចេញពីតំណែង ប្រសិនបើចំណាត់ថ្នាក់ខ្សោយក្នុងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១១ ខែសីហា បានថ្លែងថា ទូទាំងខេត្តព្រៃវែងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន១១៦ប៉ុស្តិ៍ ក្នុងនោះ ប៉ុស្តិ៍មានចំណាត់ថ្នាក់ល្អមានចំនួន ៥៧ប៉ុស្តិ៍ ប៉ុស្តិ៍មធ្យមមានចំនួន៥២ប៉ុស្តិ៍ និងប៉ុស្តិ៍ដែលខ្សោយមានចំនួន៧ប៉ុស្តិ៍៕
មតិយោបល់