ស្ទឹងត្រែងៈ ក្រោយពីប្រជាពលរដ្ឋជាច្រើនគ្រួសារផុសផុលចាប់ដីព្រៃធ្វើជាកម្មសិទ្ធិរបស់ខ្លួននៅចំណុចអូរលាងគ្រោះ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងហើយនោះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បានដឹកនាំមន្រ្តីរបស់ខ្លួនចុះទៅជួបជាមួយប្រជាពលរដ្ឋ ដោយធ្វើការសម្របសម្រួល ពន្យល់ និងសួរសុខទុក្ខ ព្រមទាំងចែកអាវភ្លៀង មុង និងខោអាវ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានពន្យល់ថា សូមកុំឲ្យប្រជាពលរដ្ឋចាញ់បោកមេខ្យល់ ដែលនាំពួកគាត់ឲ្យមកចាប់យកដីធ្លី ដែលជាដីព្រៃរបស់រដ្ឋ និងដីព្រៃសហគមន៍ នៅចំណុចអូរលាងគ្រោះ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អាជ្ញាធរបានប្រាប់ថា កាលពីពេលកន្លងទៅ មានប្រជាពលរដ្ឋមកពីខេត្តក្រចេះជិត១០០០នាក់ បានចាញ់បោកមេខ្យល់ ដោយទៅចាប់ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ម្លោះហើយ ទើបលោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង ពន្យល់ពលរដ្ឋឯទៀតកុំឲ្យចាញ់បោកមេខ្យល់ដូចពលរដ្ឋនៅខេត្តក្រចេះ និងឲ្យពលរដ្ឋទាំងនេះត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់