ភ្នំពេញៈ ជាងផ្សាដែកម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងបុរីវិមានភ្នំពេញ បន្ទាប់ពីឡើងផ្សាដាក់បង្កាន់ដៃផ្ទះល្វែងនៅក្នុងបុរីនោះ ខណៈខាងបុរីវិមានភ្នំពេញខាងលើនេះ ព្យាយាមបិទបាំងមិនឲ្យសមត្ថកិច្ច និងខាងជំនាញកោសល្យវិច្ឆ័យចូលពិនិត្យសពឡើយ។
ហេតុការណ៍ឆក់ខ្សែភ្លើងស្លាប់នៅក្នុងបុរីវិមានភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបុរីវិមានភ្នំពេញដែលកំពុងសង់ថ្មី ស្តិតក្នុងក្រុមទី២ ភូមិលូសង្កាត់ស្វាយប៉ាក ។
ជនរងគ្រោះ ឈ្មោះ តុប តេង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងផ្សាដែក ទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុជនរងគ្រោះកំពុងផ្សាដាក់បង្កាន់ដែផ្ទះល្វែង ក៏ស្រាប់តែទៅទាញខ្សែភ្លើងឲ្យជិតខ្លួនក៏ប៉ះនឹងដំណរខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង ហើយស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យគីឡូម៉ែត្រលេខ៦។
ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រពិនិត្យសាកសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវចរន្តអគ្គីសនីឆក់ពិតប្រាកដមែន ចំណែកកន្លែងកើតហេតុត្រូវក្រុមហ៑ុនបុរីវិមានភ្នំពេញគំរោងទី៥ ក្នុងសង្កាត់ស្វាយប៉ាកមិនសហការណ៍ឲ្យចូលពិនិត្យកន្លែងកើតហេតុ។
ក្រោយពីមានករណីឆក់ខ្សែភ្លើងស្លាប់កម្មករជាងផ្សាដែក ម្នាក់នៅបូរីកំពុងសង់ថ្មីការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើកោសល្យវិច្ច័យលើសាកសពរួចហើយនៅឯមន្ទីពេទ្យ ក៏បន្តទៅពិនិត្យកន្លែងកើតហេតុបន្តទៀត នៅក្នុងបុរីកំពុងសាងសង់ថ្មី លុះពេលទៅដល់មុខបុរីកន្លែងកើតហេតុ ត្រូវសន្តិសុខយាមនៅទីនោះមិនអនុញ្ញាតឲ្យកំលាំងនៃការិយាល័យបច្ចេកទេសចូលពិនិត្យឡើយ។
សាកសពបានត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកសណ្តាន់ខេត្តកំពង់ធំ៕
មតិយោបល់