ភ្នំពេញៈ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ Post News ថា គិតត្រឹមថ្ងៃទី១៤ សីហានេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីលទ្ធផលនៅឡើយទេ ជុំវិញករណីឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សកាលពីយប់មិញនៅក្បែរផ្សាររាត្រី ខណ្ឌដូនពេញ។
បើតាមមន្រ្តីរាជអាវុធហត្ថបានប្រាប់ Post News ទៀតថា “យើងមិនទាន់ដឹងទេ យើងកំពុងធ្វើការសាកសួរ មិនទាន់ដឹងថា មានការពាក់ព័ន្ធ ឬយ៉ាងណានៅឡើយទេ ក្រោយពីឃាត់ខ្លួនជនសង្ស័យ៣នាក់” ។ សូមបញ្ជាក់ថា ជនង្ស័យទាំង៣នាក់ មានម្នាក់ជាប្អូនប្រុស អ្នកនាង ខៀវ សុខារ៉ាវី។
សូមរំឭកថា ជនរងគ្រោះដែលត្រូវជាប្អូនរបស់តារាសម្តែង ខៀវ សុខារ៉ាវី ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវចំនួន២គ្រាប់ ចំខ្លួនផ្នែកខាងស្តាំបៀមគ្រាប់ និងចំជើងធ្លាយពីម្ខាងទៅម្ខាង ខណៈនៅត្រង់ក្បាលត្រូវជនសង្ស័យយករបស់រឹងវាយទៀតផង។ នេះបើយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ។
បើតាមសមត្ថកិច្ច ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា រីឯជនល្មើស បច្ចុប្បន្នឃាត់ខ្លួន និងបានបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕


























មតិយោបល់