ខ្ញុំក៏ដូចជាមហាជនផងដែរ បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗកន្លងមកនេះមិនថា ទីក្រុង ឬខេត្តនោះទេ បានកើតមានឡើង នូវអំពើប្លន់ធំៗ ដែលប្រដាប់ដោយអាវុធ អំពើឃាតកម្មបាញ់សម្លាប់ ចាក់ប្រហារឆៅៗ និងអំពើឆក់ លួច បានកំពុងកើតឡើងយ៉ាងសកម្ម ដែលសកម្មភាពទាំងនេះមិនថា ចំពោះប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ សូម្បីតែជនបរទេស ក៏ញាក់សាច់ ភ័យខ្លាច រន្ធត់គ្រប់ៗគ្នា។ សកម្មភាពទាំងនេះវាកើតឡើងទៅបាន តើមកពីក្រុមជនសង្គមងងឹតទាំងនោះវាខ្លាំង ឬមកពីសមត្ថកិច្ចយើងខ្សោយ ឬមន្ត្រីមានសមត្ថកិច្ចបាក់ទឹកចិត្ត។ បើនិយាយពីសកម្មភាពទាំងនេះ ខ្ញុំសង្កេតឃើញនៅរាជធានីភ្នំពេញ និងក្នុងទឹកដីភូមិសាស្ត្រខេត្តកណ្តាក មានកើតឡើងច្រើនជាងបណ្តាខេត្ត/ក្រុងផ្សេងៗទៀត។
ខ្ញុំមានការរីករាយណាស់ ដែលប្រទេសជាតិយើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនយ៉ាងខ្លាំង។ និយាយដោយឡែករាជធានីភ្នំពេញ ឥឡូវមិនដូចពីមុនទេ ពោលគឺមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ លេចមុខលេចមាត់មិនចាញ់ទីក្រុងប្រទេសក្បែរខាងប៉ុន្មាននោះទេ។
ប៉ុន្តែអ្វីដែលខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញកំពុងតែព្រួយបារម្ភ និងភ័យខ្លាចនោះ គឺការកើតឡើងនូវអំពើឃាតកម្ម បាញ់សម្លាប់មនុស្សឆៅៗ អំពើប្លន់ប្រដាប់ដោយអាវុធបាញ់ប្រហារឆៅៗ អំពើឆក់កាបូប ឆក់ទូរស័ព្ទ ឆក់ខ្សែក មានយ៉ាងប្រសេកប្រសាចនៅតាមដងផ្លូវ រួមទាំងអំពើលួច និងចរាចរថ្នាំញៀនផងដែរ។ ខ្ញុំយល់ឃើញថា សកម្មភាពរបស់ឧក្រិដ្ឋជន (ឃាតក) និងក្រុមចោរប្លន់ប្រដាប់អាវុធ ក្រុមចោរឆក់មួយចំនួន ត្រូវកម្លាំងសមត្ថកិច្ចបានខិតខំស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ដែរ។
ខ្ញុំក៏ដូចមហាជនដែរ បានយល់ឃើញថា ក្រុមជនសង្គមងងឹតទាំងនោះ វាកើតឡើងហាក់បីដូចជា មានការចាត់តាំងឡើងជាក្រុមៗផ្សេងៗគ្នា ហើយពួកនោះសុទ្ធសឹងជាមុខសញ្ញាចាស់ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ និងធ្លាប់ជាប់ពន្ធាគារ ជាដើម។ នៅមានក្រុមចាត់តាំងថ្មីទៀត គឺក្រុមដែលមានការប្រើប្រាស់ថ្នាំញៀន ដោយក្រុមនេះ ធ្វើសកម្មភាពដោយមិនខ្លាចញញើត និងចំណាត់ការរបស់សមត្ថកិច្ចនោះទេ គឺគេធ្វើសកម្មភាពគ្រប់រូបភាព ដើម្បីបានលុយទិញថ្នាំញៀនប្រើប្រាស់ ដោយមានការប្រមូលផ្តុំគ្នាជាក្រុមៗ មានទាំងប្រុស មានទាំងស្រី។
សកម្មភាពខាងលើនេះ ក្រុមសង្គមងងឹតបានធ្វើសកម្មភាពប្លែកៗ ដោយពួកវាបានបន្លំខ្លួនជាអតិថិជន ជាអ្នកលក់របស់របរ ដើម្បីស៊ើបពីទីតាំងផ្ទះ ដែលត្រូវធ្វើសកម្មភាព និងភូមិសាស្ត្រ ដែលត្រូវរត់គេចពីសមត្ថកិច្ច។ អ៊ីចឹងហើយរាល់សកម្មភាពកើតឡើងពួកជនសង្ស័យតែងតែគេចខ្លួនបានដោយសុវត្ថិភាព ឯសមត្ថកិច្ចក៏ពិបាកក្នុងការតាមប្រមាញ់ផងដែរ។ ទាំងនេះមកពីក្រុមសង្គមងងឹតវាខ្លាំងជាង វាមានល្បិចខ្ពស់ជាងសមត្ថកិច្ច ឬសមត្ថកិច្ចខ្សោយជាងយ៉ាងណានោះទេ។
ខ្ញុំដែលជាអ្នករស់នៅក្នុងក្រុងភ្នំពេញយល់ឃើញថា ជាទូទៅអំពើឃាតកម្ម អំពើប្លន់ប្រដាប់អាវុធ បាញ់ប្រហារមនុស្សឆៅៗ និងអំពើឆក់យ៉ាងប្រសេកប្រសាចនេះ វាកំពុងតែធ្វើឲ្យមហាជន ពិសេសអ្នកមានទ្រព្យធន មានការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំង ខណៈដែលកម្លាំងសមត្ថកិច្ចទាំងប៉ូលិស ទាំងកងរាជអាវុធហត្ថខិតខំពង្រឹងសន្តិសុខយ៉ាងណាក៏ដោយ។
រឿងរ៉ាវអសន្តិសុខកើតឡើនាចុងក្រោយនេះ ខ្ញុំក៏ដូចជាមហាជនទូទៅ សង្កេតឃើញថា មន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោមមានការបាក់ទឹកចិត្តក្នុងការបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ ហាលភ្លៀង ហាលខ្យល់ ហាលថ្ងៃស្ទើរមួយជីវិត នឹងខ្លះប្រឈម នឹងការបង្ក្រាបបទល្មើសដ៏គ្រោះថ្នាក់ តែលទ្ធផលថ្នាក់លើមើមិនឃើញ ពីស្នាដៃនោះទេ ស័ក្តិនៅតែក្រិន។ ចំណែកមន្ត្រីក្មេងៗ ដែលចូលតាមបក្ខ តាមពួក តាមខ្សែ ម្ងៃណោះសោះ ពាក់ស័ក្តិពេញៗស្មារ ដើរពើងទ្រូង ដាក់មន្ត្រីចាស់វស្សា ។
សកម្មភាពទាំងនេះហើយជាចំណុចដែលធ្វើឲ្យមន្ត្រីសមត្ថកិច្ចបាក់ទឹកចិត្តក្នុងការបំពេញភារកិច្ច ជាហេតុធ្វើឲ្យមានភាពកម្សោយជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ដូច្នេះទេ ថ្នាក់លើគួរតែគិតគូរបញ្ហានេះខ្លះផងទាន!៕
មតិយោបល់