ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ឡុង កេសភិរម្យ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចឲ្យ លោក អាម៉ាត់យ៉ះយ៉ា ចាញ់ក្តីលោក អាស្មាន់ហាសាន់ ក្នុង សំណុំរឿង បរិហារកេរ្តិ៍ ដោយតុលាការតម្រូវឲ្យលោក អាម៉ាត់យ៉ះយ៉ា សងជំងឺចិត្តទៅ ដើមបណ្តឹងលោក អូស្មាន់ ហាសាន់ ចំនួន ១០០លានរៀល និងពិន័យជាប្រាក់ ៥លានរៀលចូលថវិកាជាតិ។
ប្រកាសសាលក្រមសំណុំរឿង អូស្មាន់ហាសាន់ ប្តឹង អាម៉ាត់យ៉ះយ៉ា នៅពាក់កណ្តាលខែនេះ។
គួររំលឹកថាលោក ឡុង កេសភិរម្យ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ សាកសួរដេញដោល នៃសំណុំរឿង ខាងលើនេះ កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ
នៅក្នុងសវនាការលោក អាម៉ាត់ យ៉ះយ៉ា បានថ្លែងថា លោកមិនបាន មានបំណង បរិហារកេរ្តិ៍លោក អូស្មាន់ ហាសាន់ នោះទេ លោកបានផ្តល់ បទសម្ភាស ដល់សារព័ត៌មាន អេឡិចត្រូនិច ថ្មីៗ នោះគឺលោកមានបំណង ការពារដី ព្រះវិហារ អ៊ីស្លាមបឹងកក់តែប៉ុណ្ណោះ។ លោកថា ដីវិហារបឹងកក់ ជាដីរបស់សមាគម ដូច្នេះដីនោះត្រូវផ្តល់ ផលប្រយោជន៍ ឲ្យបងប្អូនអ៊ីស្លាម ជាសមាជិកសមាគមទាំងមូល។
លោកបានបញ្ជាក់ថា លោក អូស្មាន់ ហាសាន់ មានគម្រោងសាងសង់ខុនដូ ពិតមែនដោយមានទាំងប្លង់សាងសង់ថែមទៀតផង ដូច្នេះសបញ្ជាក់ថាក្នុងនាមលោក អូស្មាន់ ហាសាន់ ជាអ្នកកាន់ប្លង់ដីនោះ អាចនឹងមាន ផលប្រយោជន៍ ពីការសាងសង់ខុនដូនោះ។ លោក អាម៉ាត់ យ៉ះយ៉ា បានបន្ថែមថា ប្លង់វិហារបឹងកក់មានពីរ ដោយមួយនៅលោក អូស្មាន់ ហាសាន់ ជាអ្នកកាន់កាប់ និងមួយប្លង់ទៀត គឺសមាគមជាអ្នកកាន់កាប់។
លោក អាម៉ាត់ យ៉ះយ៉ា យល់ព្រមចំពោះគម្រោងសាងសងផ្លូវ របស់សាលារាជធានីភ្នំពេញ ដោយសាងសង់ផ្លូវ វាងតាមព្រំដីវិហារ និងមិនព្រមឲ្យ សាងសង់ផ្លូវដោយពុះដី វិហារជាពីរផ្នែកនោះទេ។
លោក អូស្មាន់ ហាសាន់ មិនមានវត្តមាន ក្នុងសវនាការនោះទេ គឺមានតែមេធាវី ការពារសិទ្ធិតែប៉ុណ្ណោះ។ យោងតាមការអះអាង របស់មេធាវីការពារសិទ្ធិលោក អូស្មាន់ ហាសាន់ បានឲ្យដឹងថា លោក អូស្មាន់ ហាសាន់ បានប្តឹងទាមទារ សំណងជំងឺចិត្តចំនួន ១លានដុល្លារ។
ដើមហេតុដែលមានការប្តឹងលោក អាម៉ាត់ អាយ៉ះយ៉ា ពីសំណាក់លោក អូស្មាន់ ហាសាន់ នោះផ្តើមចេញពី បទសម្ភាស រវាងលោក អាម៉ាត់ យ៉ះយ៉ា និងសារព័ត៌មាន អេឡិចត្រូនិច ថ្មីៗ កាលពីពេលកន្លងទៅ ដោយលោក អាម៉ាត់ យ៉ះយ៉ា បានលើកឡើងថា លោក អូស្មាន់ ហាសាន់ អាចនឹងមាន ផលប្រយោជន៍ ពីគម្រោងសាងសង់ផ្លូវ កាត់វិហារបឹងកក់ និង ការសាងសង់ ខនដូនៅលើដី ព្រះវិហារបឹងកក់៕
https://www.youtube.com/watch?v=XrhTj0SngY4&feature=youtu.be
មតិយោបល់