ភ្នំពេញៈ នៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារនិងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារងបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ផុន ភក្តី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
គួររំឭកថា កាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ជនរងឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ ហើយជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា ពេលបញ្ជូនទៅសង្គ្រោះបានបន្តិច ក្រោយពីរូបគេត្រូវបានជនត្រូវចោទទាំង៣នាក់ខាងលើ បាញ់ចំនួន២គ្រាប់ចំខ្លួនផ្នែកខាងស្តាំ ដោយបៀមគ្រាប់ និងមួយកន្លែងទៀត ត្រូវចំជើងធ្លាយពីម្ខាងទៅម្ខាងរួមនឹងក្បាល និងបានវាយបន្ថែមដោយដំបង។ ករណីហិង្សារហូតដល់ជនរងគ្រោះស្លាប់នេះបានកើតឡើងហាងស្តាម៉ាតរបស់អតីតតារាសម្តែង ខៀវ សុខារ៉ាវី នៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
https://youtu.be/yZQd7nI7BmY
មតិយោបល់