ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៣សប្តាហ៍ ក្នុងខែមេសា ស្លាប់មនុស្សដោយគ្រោះថ្នាក់ចរាចរណ៍ ជាង១០០នាក់ នៅទូទាំងប្រទេស

ភ្នំពេញ: លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយ កិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រចាំសប្តាហ៍នៅទីស្តីការក្រសួងមហាផ្ទៃ ថា ៣សប្តាហ៍ ក្នុងខែមេសា ឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២៧២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣៣នាក់ និងរបួស៥៣២នាក់។ ចំនួននេះ បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន៦៤លើក អ្នកស្លាប់ថយចុះ១៩នាក់ អ្នករងរបួសថយចុះចំនួន១១៦នាក់។

លោកនាយឧត្ដមសេនីយ៍ បន្តថាគ្រោះថ្នាក់ចំនួន២៧២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣៣នាក់ និងរបួស៥៣២នាក់ ភាគច្រើនកើតឡើងនៅខេត្តកំពង់ចាម ចំនួន២១លើក ខេត្តព្រៃវែងចំនួន២០លើក និងខេត្តបាត់ដំបងចំនួន២០លើក។

លោកបានបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ ៤២ភាគរយ មិនប្រកាន់ស្តាំ១៣ភាគរយ មិនគោរពសិទ្ធិអាទិភាព១២ភាគរយ វ៉ាជែង១២ភាគរយ ស្រវឹង៩ភាគរយ បត់៨ភាគរយ កត្តាយានយន្ត១ភាគរយ ងងុយ២ភាគរយ និងកត្តាផ្សេងៗ១ភាគរយ។

លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់សរុប១៣៣នាក់ ភាគច្រើនអ្នកជិះម៉ូតូចំនួន១០០នាក់ស្មើនឹង៧៥ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៦៨ភាគរយ។

លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងផងដែរថា ដោយឡែកក្នុងតឨកាសពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ គ្រោះថ្នាក់បានកើតឡើងចំនួន១១៣លើក បណ្តាលឲ្យមនុស្សស្លាប់៥២នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះ៤៥លើក អ្នកស្លាប់ថយចុះ៣នាក់។

លោក នាយឧត្តមសេនីយ៍ ក៏បានឲ្យដឹងផងដែរថា ប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៣សប្តាហ៍ នៃខែមេសា ឆ្នាំ២០១៦នេះ បានពិនិត្យយាន្តយន្តសរុបចំនួន៥២៨.៣៣២គ្រឿង ក្នុងនោះម៉ូតូ៦៥ភាគរយ។ បានរកឃើញយានយន្តល្មើសច្បាប់ចំនួន៧៦.៤៩៤គ្រឿង ក្នុងនោះម៉ូតូ៧០ភាគរយដោយបានធ្វើការអប់រំចំនួន២៧.៨៣៤គ្រឿង ស្មើនឹង៣៦ភាគរយ និងធ្វើការផាកពិន័យចំនួន៤៨.៦៦០គ្រឿង ក្នុងនោះមានរថយន្តចំនួន៣០ភាគរយ និងម៉ូតូ៧០ភាគរយ ដោយបង់ប្រាក់ពិន័យតាមស្នាក់ការដែលបានកំណត់បានចំនួន៩៦៧.០៧៦.០០០រៀល។ សរុបបា្រក់ពិន័យបានចាប់ពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ចំនួន៧.៦៥៩.៤៣៣.០០០រៀល (ប្រាំពីរពាន់ប្រាំរយហាសិបប្រាំបួនលានបួនរយសាមសិបបីពាន់រៀលគត់)៕

photo_2016-04-22_13-33-07 photo_2016-04-22_13-33-35 13007098_517701608417781_3441795713681453250_n 12994533_517701575084451_5512022840336190297_n 13012701_1589177651396600_1270093087368345525_n

មតិយោបល់