ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ប៉ា ងួនទៀង ថា លោកនឹងចូលរួមគ្រប់នីតិវិធីរបស់តុលាការ បន្ទាប់ពីលោកបានចូលខ្លួនបំភ្លឺនៅព្រឹកនេះ

ភ្នំពេញៈ នៅម៉ោងប្រមាណជា១០និង៤០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ប៉ា ងួនទៀង នាយក ប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) បានចេញមកក្រៅតុលាការវិញហើយ បន្ទាប់ពីរូបលោកបានផ្តល់ចម្លើយជូនលោកចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក ប៉ា ងួនទៀត បានបញ្ជាក់ថា តុលាការបានសាកសួរលោកអំពីទំនាក់ទំនងលោក និងលោក កឹម សុខា តាមរយៈទូរស័ព្ទដៃ ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា លោក កឹម សុខា និងស្រីមុំ។

លោកបន្តថា លោកបានប្រាប់តុលាការថា លោកមិនបានចាំរឿងនោះអស់ទេ ដោយសារលោកជាអ្នកសារព័ត៌មានដែលជួបរឿងរ៉ាវច្រើន ដូច្នេះរឿងខ្លះលោកបានភ្លេច។

ទោះជាយ៉ាងណាលោកនឹងចូលរួមគ្រប់និតីវិរបស់តុលាការនៅពេលដែលតុលាការកោះហៅរូបលោក ប៉ុន្តែលោកក៏មិនទាន់ប្រាកដថា តុលាការអាចនឹងកោះហៅរូបលោកសាជាថ្មីម្តងទៀត ឬក៏អត់នោះទេ។

សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណជា៨និង៤០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ប៉ា ងួនទៀង នាយក ប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) បានចូលខ្លួនឆ្លើយបំភ្លឺក្នុងនាម ជា សាក្សីក្នុងសំណុំរឿង ស្នេហារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ តបតាមដីកាកោះហៅរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដើម្បីសាកសួរលោក ប៉ា ងួនទៀង ជុំវិញដំណើររឿង សូកប៉ាន់ សាក្សីតាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។

គួរកត់សម្គាល់ថា មកដល់ពេលនេះមានមនុស្សមិនតិចទេ ដែលបានជាប់ពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងស្នេហារវាងលោក កឹម សុខា និងស្រីមុំនេះ ដែលនៅក្នុងនោះមានជនជាប់ចោទ ដែលកំពុងរស់នៅក្នុងមន្ទីរឃាំងឃាំងរួមមាន៖

១.លោក ស៊ាង ចែត មេឃុំស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់ជាលុយចំនួន ៥០០ដុល្លារឲ្យយទៅម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីជួយលោងលោមឲ្យយស្រីមុំនិយាពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

២.លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប

៣.លោកស្រី លឹម មុនី មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក

៤.លោក នី សុខា មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក

៥.លោក ណៃ វ៉ង់ដា មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក

៦.លោក យី សុខសាន្ត មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក

ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកា សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

៧.លោកស្រី ទេព វន្នី សកម្មជនបឹងកក់

៨.លោកស្រី បូវ សោភា សកម្មជនដីធ្លីបឹងកក់

ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍យោងតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រោះតែពួកគេចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យមានកាដោះលែងក្រុមមន្ត្រីអង្គការការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ដែលបានជាប់ឃុំដោយសាររឿងស្នេហាលោក កឹម សុខា និសងស្រីមុំ។

ក្រៅពីមនុស្សមួយចំនួនដែលជាប់ឃុំព្រោះតែស្នេហា កឹម សុខា និងស្រីមុំ ក៏មានមនុស្សដែលត្រូវតុលាការកំពុងចាត់ការតាមនីតិវិធីដោយចាត់ទុកថា ជាសាក្សីសំខាន់ក្នុងរឿងនេះ និងជាអ្នកចូលរួមប្រព្រឹត្តរឿងនេះផងដែរ នៅក្នុងនោះរួមមាន៖

១. លោក ពិន រតនា តំណាងរាស្ត្របក្សសង្គ្រោះជាតិ

២. លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្របក្សសង្គ្រោះជាតិ

ធ្លាប់ត្រូវបានលោក សៀង សុខ ចេញដីកាកោះហៅឱ្យចូលខ្លួនមកបំភ្លឺមុខតំណាងអយ្យការ ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធនឹង អំពើពេស្យាចារ ក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាងលោក កឹមសុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិ និងកញ្ញ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

៣. លោក ប៉ា ងួនទៀង ដែលត្រូវឆ្លើយបំភ្លឺមុខតុលាការក្នុងនាមជាសាក្សីនៃសំណុំរឿង ស្នេហា កឹម សុខា និងស្រីមុំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះផងដែរ៕

photo_2016-08-18_11-25-13

https://youtu.be/VYE35xqMrWs

មតិយោបល់