ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនបន្តជួយ ប្រព័ន្ធដឹកជញ្ជូននៅភ្នំពេញ រហូតដល់ឆ្នាំ២០២០

ភ្នំពេញ:រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រកាសបន្ត ជួយដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងរាជធានីភ្នំពេញរហូតដល់ឆ្នាំ២០២០ ជាមួយរថយន្តក្រុង ចំនួន១៤០គ្រឿង។

ការប្រកាសបន្តជំនួយបច្ចេកទេស និងការរៀបចំខ្សែរថយន្តក្រុងសាធារណៈធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសានេះ នៅក្នុងជំនួបរវាងក្រុមបច្ចេកទេសសអង្គការ JICA និងគណៈអភិបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកប៉ា សុជាតិវង្ស ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ជាក់ពីសក្ខីភាពនៃការជួយជ្រោមជ្រែង។

លោក កេនជិ មូរ៉ាតា (Kenji Murata) ប្រធានក្រុមបច្ចេទេសអង្គការ JICA ថ្លែងឲ្យដឹងថា ជំនួយដល់ឆ្នាំ២០២០នេះ មានទាំងផ្នែកបច្ចេទេសរៀបចំប្រព័ន្ធចរាចរណ៍ និងខ្សែដឹកជញ្ជូនតាមរថយន្តក្រុង សាធារណៈ។ លោកបញ្ជាក់ថា ការផ្តល់ជូនរថយន្តក្រុងចំនួន១៤០គ្រឿង នឹងត្រូវធ្វើជាពីរដំណាក់កាល ដោយក្នុងនោះនៅដំណាក់ទី១ ក្នុងឆ្នាំ២០១៨ ផ្តល់ជូន៨០គ្រឿង និងដំណាក់ទី២ នៅឆ្នាំ២០២០ ផ្តល់ជូនចំនួន៦០គ្រឿង។

ជាមួយគ្នានេះ ក៏មានការជួយពង្រីកខ្សែដឹកជញ្ជូន ចំនួន១០ខ្សែបន្ថែមទៀត ក្នុងនោះមានខ្សែរត់ពីស្ថានីយ៍កំពង់ស្វ័តភ្នំពេញ ទៅស្ថានីយ៍ស្ទឹងមានជ័យ។ លោក កេនជិ បានស្នើដល់សាលារាជធានីភ្នំពេញ ជួយសម្រួលដល់ការងាររៀបចំចំណតរួម កន្លែងជួសជុលរថយន្ត និងស្ថានីយ៍ចេញដំណើរដោយខ្លួនឯង។

លោកបញ្ជាក់បន្ថែមថា នៅពេលខ្សែដឹកជញ្ជូនថ្មីត្រូវបានពង្រីក នឹងត្រូវការអ្នកបើកបរ និងបុគ្គលិកបម្រើការលើរថយន្តក្រុងរាប់រយនាក់បន្ថែមទៀត។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការជួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA មិនត្រឹមតែជួយដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញទៀតផង។ លោកប្រាថ្នាឲ្យប្រព័ន្ធដឹកជញ្ជូនសាធារណៈមាន និរន្តរភាពយូរអង្វែង។ លោកអភិបាលបញ្ជាក់ថាបច្ចុប្បន្ន សាលារាជធានីភ្នំពេញ កំពុងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដោយក្នុងនោះកំពុងរៀបចំចំណតសាធារណៈរោងជាងសម្រាប់ជួសជុលរថយន្តក្រុង ការរៀបចំភ្លើងស្តុបជាថ្មីឡើងវិញជាដើម។

យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាង៦លានដុល្លារអាម៉េរិក ក្នុងមួយខែៗ។ នេះនៅមិនទាន់រាប់បញ្ជូលបញ្ហាគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ និងខាតបង់ពេលវេលានៅឡើយ៕

photo_2016-04-22_16-30-10 photo_2016-04-22_16-30-11 photo_2016-04-22_16-30-09

មតិយោបល់