ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ថានភាពស្មុគស្មាញ និងបញ្ហាកកស្ទះចរាចរណ៏ នៅភ្នំពេញមានជិត២០ទីតាំង ដែលអាជ្ញាធរត្រៀមរៀបចំកែសម្រួលឡើងវិញ

ភ្នំពេញ: ក្នុងកិច្ចប្រជុំពិភាក្សាទៅលើគម្រោងផែនការ ដោះស្រាយការកកស្ទះចរាចរណ៏ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មេសានេះ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ភាពស្មុកស្មាញ និងបញ្ហានៃការកកស្ទះចរាចរណ៏នៅរាជធានីភ្នំពេញ បណ្តាលមកពីការរំលោភចំណីផ្លូវ មិនគោរពច្បាប់ចរាចរណ៏ មធ្យោបាយដឹកជញ្ជូនកើនយ៉ាងគុំហុក កង្វះខាតមធ្យោបាយ ដឹកជញ្ជូនសាធារណៈ ខ្វះខាតស្លាកសញ្ញាចរាចរណ៏ និងភ្លើងស្តុបជាដើម។

លោកបន្តថា ចំពោះបញ្ហានៃការកកស្ទះខ្លាំងមានច្រើនទីតាំងដូចជា៖ តំបន់ភ្លើងស្តុប BKC ផ្សាដីហុយ ផ្សារដើមគរ ផ្សារដេប៉ូ ផ្លូវណតប្រ៊ីត ចោមចៅ ផ្លូវជើងឯកត្រង់ស្ពានដែក ផ្លូវឡើងផ្សារដើមថ្កូវ ផ្សារតូច រង្វង់មូលទួលគោក ផ្លូវ២៧១ និងរង្វង់មូលកាំកូស៊ីតធីជាដើម ដែលបញ្ហានេះសាលារាជធានីភ្នំពេញ បាននឹងកំពុងរៀបចំផែនការ ក្នុងការកែសម្រួលឡើងវិញ ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា បច្ចុប្បន្នភ្លើងស្តុបនៅរាជធានីភ្នំពេញកំពុងដំណើរការមានចំនួន៩៤កន្លែង ហើយក្នុងពេលនេះ សាលារាជធានីភ្នំពេញ កំពុងបំពាក់ភ្លើងស្តុបថ្មី ចំនួន១៣ទីតាំងបន្ថែមទៀត ដែលកំពុងដាក់ឲ្យដំណើរការជាបន្តបន្ទាប់។

ចំណែកឯភ្លើងស្តុប ចំនួន១០០ទីតាំង ដែលបានចាប់ផ្តើមពីខែមីនា ២០១៦ នឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០១៧នេះ ក្នុងនោះមានការផ្លាស់ប្តូរភ្លើងស្តុបចាស់ៗ នៅក្នុងក្រុងចំនួន៦៤ទីតាំង មានការបំពាក់កាមេរ៉ា ចំនួន២៦ និងបន្ទប់កុងត្រូរូមមួយនៅមន្ទីរសាធារណការ ប៉ុន្តែទោះជាយ៉ាងណា នៅពេលនេះ ភ្លើងស្តុបចំនួន៦ទីតាំង ត្រូវបានផ្អាកដំណើរការ ដោយសារមានការដ្ឋានស្ថាបនាផ្លូវ និងដាក់លូផងដែរ៕

photo_2016-04-22_16-07-29 (2) photo_2016-04-22_16-07-29 photo_2016-04-22_16-07-28

មតិយោបល់