ព័ត៌មានជាតិ

លោក វេង សាខុន សុំឲ្យលោកគ្រូ អ្នកគ្រូ ជួយបង្រៀនសិស្សឲ្យយល់កាន់តែច្បាស់ពីសច្ចភាព

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានក្រើនរំឭកដល់អ្នកគ្រូបង្រៀនឲ្យណែនាំសិស្សឲ្យយល់ច្បាស់ពីសច្ចភាព សភាពការណ៍ពិត សមិទ្ធិផលសន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាល ហើយចៀសវាងជឿនូវការញុះញង់ បោកបញ្ឆោតពីសំណាក់ជនអគតិ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយក្មួយៗយុវនារី និងកុមារីឥស្លាម នៅមជ្ឈមណ្ឌលព្រែកជរ ស្ថិតក្នុងភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក វេង សាខុន បានស្នើឲ្យ អ្នកគ្រូ បង្រៀនដោយយកចិត្តទុកដាក់ ផ្តល់ចំណេះដឹង និងក្រមសីលធម៌ សិក្សាស្រាវជ្រាវ ជាពិសេសតាមរយ:ការប្រើប្រាស់អ៊ីនធើណេត Wifi របស់មជ្ឈមណ្ឌល នូវចំណេះដឹងទូលំទូលាយព័ត៌មាន និងទិន្នន័យ ដើម្បីបង្រៀន ចែករំលែកដល់សិស្សានុសិស្ស ដោយពន្យល់ពួកគេឲ្យចេះប្រើប្រាស់សិទ្ធិសេរីភាពដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មិនឈ្លក់វង្វេងឈានដល់ភាពអនាធិបតេយ្យនោះឡើយ។

លោករដ្ឋមន្ត្រីបានស្នើដល់ អ្នកគ្រូ និងក្មួយៗយុវតីទាំងអស់ត្រូវខិតខំស្រវាស្រទេញរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាព ព្រោះស្ត្រីនឹងមានឱកាសធ្វើជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ស្របតាមគោលនយោបាយលើកស្ទួយយេនឌ័ររបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀតត្រូវរៀនសង្កេតពីជីវភាពសង្គម និងប្រមើលពីបញ្ហាប្រឈមនាអនាគត ដើម្បីត្រៀមខ្លួនរកដំណោះស្រាយ ឬមធ្យោបាយជួយដល់ប្រទេសជាតិ មិនត្រូវគិតថាស្ត្រីមិនអាចធ្វើអ្វីបាន ត្រូវពុះពារធ្វើនូវការងារត្រឹមត្រូវដែលខ្លូនចង់ធ្វើ។

លោក ក៏បានអំពាវនាវដល់អ្នកគ្រូ ក្មួយៗសិស្សានុសិស្សដែលគ្រប់អាយុហើយមិនទាន់ទៅចុះឈ្មោះបោះឆ្នោត ឲ្យរួសរាន់ទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា និងទាន់ពេលវេលា ព្រោះការកំណត់កាន់តែខិតជិតមកដល់ហើយ។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានយកថវិកាមួយចំនួនចែកជូនអ្នកគ្រូនៃមជ្ឈមណ្ឌលចំនួន៤០នាក់ និងសិស្សស្រីៗចំនួន៧០០នាក់ ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងបង្រៀន និងកិច្ចខិតខំប្រឹងប្រែងរៀនសូត្រនាពេលកន្លងមកនិងទៅអនាគត៕

លោក វេង សាខុន សុំឲ្យលោកគ្រូ

លោក វេង សាខុន សុំឲ្យលោកគ្រូ

លោក វេង សាខុន សុំឲ្យលោកគ្រូ

មតិយោបល់