ភ្នំពេញៈ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ លោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំយកជនជាប់ចោទឈ្មោះ ទេព វន្នី មកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ ដែលធ្វើឡើងនៅក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែនៅរសៀលនេះមន្ត្រីពន្ធនាគារព្រៃសមិនបាននាំយកជនជាប់ចោទឈ្មោះ បូវ សោភា មកសាកសួរនោះទេ។
គួររំឭកថា ជនជាប់ចោទនៃសំណុំរឿងនេះទី១ឈ្មោះ ទេព វន្នី និងទី២ឈ្មោះ បូវ សោភា ត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ យោងតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ពេជ វិជ្ជាធរ ចៅក្រមជំនុំម្រះសាលាដំបូងក្រុងភ្នំពេញបានប្រកាសសាលក្រមសម្រេចឃុំខ្លួនជនជាប់ចោទទាំង២នាក់ជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅក្រោយពីសវនាការមុនអង្គសេចក្តីប្រមាណ២០នាទី។
សូមបញ្ជាក់ថា សកម្មជនដីធ្លីតំបន់បឹងកក់២នាក់នេះត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ក្រោយពីពួកគេប្រមូលម្តុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យអាជ្ញាធរ ជាពិសេសតុលាការក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន៥រូប ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ដែលផ្តើមចេញពីសំណុំរឿង ស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
គួរកត់សម្គាល់ថា ការហាមឃាត់ និងការឃាត់ខ្លួនសកម្មជនដីធ្លី និងសកម្មជនសិទ្ធមនុស្សដែលចូលរួមក្នុងយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ពីសំណាក់អាជ្ញាធរ បានធ្វើឡើងជារៀងរាល់លើកក្នុងពេលកន្លងមក។ ការឃាត់ខ្លួនកាលពីគ្រាមុននោះ អាជ្ញាធរបានតម្រូវឲ្យពួកគេធ្វើតែកិច្ចសន្យាបញ្ឈប់សកម្មភាពនៃយុទ្ធនាការមួយនេះតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ការឃាត់ខ្លួនសកម្មជនទាំងនោះគឺឈានដល់ការកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តង។
រដ្ឋាភិបាលធ្លាប់បានចេញលិខិតហាមឃាត់ និងចាត់វិធានការច្បាប់ប្រសិនបើនមានក្រុមពលរដ្ឋណាហ៊ានធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ ដោយរដ្ឋាភបាលចាត់ទុកថាយុទ្ធនាការនេះជា ទម្រងនៃបដិវត្តន៍ពណ៌។
សូមជម្រាបផងដែរថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានរៀបចំធ្វើឡើងដោយសកម្មជនដីធ្លី និងក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន រួមមានទាំងសពលោកបណ្ឌិត កែម ឡី ផង ក្រោយពីជនត្រូវចោទជាមន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក និងអគ្គលេខាធិការរង គ.ជ.ប រួមមាន លោក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោកស្រី លឹម មុនី និងលោក នី ចរិយ៉ា ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
https://youtu.be/blk53hEymwM
មតិយោបល់