ព័ត៌មានជាតិ

យុវជនបារាំងមានការភ្ញាក់ផ្អើល ពេលចុះសិក្សាស្វែងយល់ ពីស្ថាបត្យកម្មខ្មែរ នៅទឹកដីអង្គរ

សៀមរាបៈ យុវជនបារាំង របស់កម្មវិធីយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានបង្ហាញការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែលបានយល់អំពីស្ថាបត្យកម្មបូរាណខ្មែរ នៅក្នុងឧទ្យានប្រវត្តិសាស្ត្រអង្គរ។

លោក វ៉ាំងសង់ រ៉ូវិនសិន ជាយុវជនមួយ រូបមកពីប្រទេសបារាំង ក្នុងចំណោមយុវជន យុវនារី មកពី៧ប្រទេស ក្នុងកម្មវិធីយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោក នៅអង្គរវត្ត នៅថ្ងៃទី១៨ ខែសីហានេះ។ លោកថ្លែងថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីយុវជនរូបនេះ សិក្សាឃើញពីភាពអស្ចារ្យ នៃស្ថាបត្យកម្ម បូរាណខ្មែរ ដែលបានកសាងឡើង កាលពីជិត១០០០ឆ្នាំមុន (សតវត្សរ៍ទី១២)។

យុវជនបារាំង រូបនោះបន្តថា ការងារសិក្សាស្រាវជ្រាវ និងស្តារប្រឡាយបូរាណទាំងនោះពិតជាស្មុគស្មាញ លំបាកណាស់ ក៏ប៉ុន្តែ អាជ្ញាធរអប្សរា ធ្វើបានយ៉ាងល្អ។ ម្យ៉ាងទៀត បើរាប់ថយក្រោយជិត១០០០ឆ្នាំ បុព្វបុរសបណ្តាប្រទេសនៅអឺរ៉ុប ជួបតែនឹងបញ្ហាសង្គ្រាមតែប៉ុណ្ណោះ ហើយបើក្រឡេកមើលមកសម័យកាល នៃចក្រភពអង្គរ ក្នុងអាយុកាលរាប់ថយក្រោយដូចគ្នា បុព្វបុរសខ្មែរ បានកសាងឡើងនូវកំពូលអរិយធម៌វប្បធម៌ដ៏ខ្ពង់ខ្ពស់ ប្រាង្គប្រាសាទជាច្រើន បានរក្សាទុកនូវស្ថាបត្យកម្មល្អគ្មានពីរ លើពិភពលោក ជាមួយនោះប្រព័ន្ធការពារលំនឹងប្រាសាទទាំងនោះថែមទៀត។

លោក បង្ហាញថា នេះគឺជាចំណុចចាប់អារម្មណ៍របស់លោកខ្លាំងជាងគេ ដែលបានគិតទុករួចជា ស្រេចហើយថា គឺមិនអាចលាក់ទុកការសិក្សាទាំងនេះ ជាចំណេះផ្ទាល់ខ្លួនប៉ុណ្ណោះទេ គឺត្រូវតែបង្ហាញទៅដល់មិត្តភ័ក្ត បងប្អូន ជាពិសេសនោះ មនុស្សលើពិភពលោក ត្រូវដឹងអំពីប្រវត្តិសាស្ត្រ របស់កម្ពុជា១នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ប្រាសាទនាគព័ន្ធ គឺជាគោលដៅ នៃការសិក្សា របស់ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ក្រោមការរៀបចំដោយ អាជ្ញាធរជាតិអប្សរា មុននឹងបន្តទៅកាន់ទីតាំងផ្សេងៗទៀត ក្នុងតំបន់អង្គរ លើប្រធានបទ គុណប្រយោជន៍ នៃប្រព័ន្ធទឹក នាសម័យកាលចក្រភពអង្គរ និងលទ្ធផលនៃការស្តារឡើងវិញ នូវប្រព័ន្ធទឹកទាំងនោះនាសម័យកាលបច្ចុប្បន្ន ដើម្បីធានានិរន្តភាពនៃការប្រើប្រាស់ ក្នុងប្រយោជន៍ ការពារភាពរឹងមាំនៃលំនឹងប្រាសាទ។ ការសិក្សានោះ បានបង្ហាញឲ្យឃើញថា អាងបារាយណ៍និងប្រព័ន្ធទឹកទាំងនោះ មិនត្រឹមតែបានរក្សាទឹកនៅលើដី និងទឹកក្រោមដីប៉ុណ្ណោះទេ តែក៏ត្រូវបានធានា ដល់ការរារាំងទឹកជំនន់ នៅក្នុងតំបន់អង្គរផងដែរ៕

AA314201.00_00_50_01.Still003(1) AA314201.00_01_05_05.Still004 AA314201.00_01_16_12.Still005 AA314201.00_01_36_24.Still007 AA314201.00_01_41_07.Still008 AA314201.00_03_04_03.Still010

មតិយោបល់