ភ្នំពេញៈ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងមានតួនាទីបច្ចុប្បន្នបម្រើការងារនៅក្រសួងមហាផ្ទៃ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា ត្រូវបានតុលាការក្រុងភ្នំពេញ ដោះលែងហើយ បន្ទាប់ពីចាប់ខ្លួនវាយខ្នោះដៃបានមួយថ្ងៃ។
តាមសេចក្ដីរាយការណ៍ពីតុលាការ បានឲ្យដឹងថា លោក អ៊ឹម ភ័ណ្ឌសុផល ជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងមានងារជាឧកញ៉ាផងនោះ នៅល្ងាចថ្ងៃទី១៩ ខែសីហានេះ ត្រូវបានតុលាការដោះលែងវិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីដើមបណ្ដឹង និងអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់។ ប្រភពបានបញ្ជាក់ថា ការដោះលែងនេះ គឺបន្ទាប់ពីមានការសម្របសម្រួល និងសងប្រាក់បានមួយចំនួនទៅដើមបណ្ដឹង និងមួយចំនួនទៀត ត្រៀមបង់រំលោះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ឹម ភ័ណ្ឌសុផល បច្ចុប្បន្នមានទីលំនៅផ្ទះលេខ២១៩ED ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនវាយខ្នោះដៃ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានឆបោកមិត្តភ័ក្តឈ្មោះ លី ហាក់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅផ្ទះលេខ១៧៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើករណីចេញសែកស្អុយ៣០ម៉ឺនដុល្លារអាមេរិក។
ប្រភពបញ្ជាក់ថា ឈ្មោះ លី ហាក់ ដែលត្រូវជាមិត្តភ័ក្តនឹងគ្នា បានប្តឹងឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ លើទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ។ ក្នុងពាក្យបណ្ដឹង ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ដែលជាអ្នករាប់អានជាមួយជនរងគ្រោះស្និទ្ធស្នាលរហូតបានល្បួងខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារ ដោយប្រាប់ថា ត្រូវការចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហា និងទិញរថយន្តចំនួន១០គ្រឿង។
នៅពេលនោះ ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល បានប្រាប់ជនរងគ្រោះថា ប្រាក់តម្រូវការនេះ មានចំនួនច្រើន ដូច្នេះសុំខ្ចីចំនួន៣០ម៉ឺនដុល្លារ និងសងវិញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែដល់ថ្ងៃកំណត់ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ប្រាប់ថា មានប្រាក់ត្រឹមតែ៣០ម៉ឺនដុល្លារ ហើយនៅសល់ប៉ុន្មានសុំ១សប្តាហ៍ទៀត នឹងសងបង្គ្រប់ចំនួន៨២.៥៥៤ដុល្លារទៀត។ ពេលនោះ លោកឧកញ៉ា ក៏បានប្រគល់សែកមួយសន្លឹករបស់ធនាគារវឌ្ឍនៈអាស៊ី (ABA) ដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ។ តែនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដើមបណ្តឹងបានយកសែកមួយសន្លឹកនេះ ទៅបើកនៅធនាគារ ប៉ុន្តែបុគ្គលិកធនាគារបញ្ជាក់ថា សែកនេះ មិនមានសាច់ប្រាក់ ទើបនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ លី ហាក់ ក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើទំនុកចិត្ត។
ប្រភពបន្ថែមថា លុះនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ទើបពាក្យបណ្ដឹងខាងលើ ធ្លាក់ដល់ដៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការបានកោះហៅចុងបណ្ដឹងលើកទី១ មិនព្រមចូលខ្លួន ទើបលើកទី២ ត្រូវខាងអយ្យការឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តនីតិវិធី។ ប៉ុន្តែទីបំផុត លោកឧកញ៉ា និងជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ ក៏ត្រូវបានតុលាការសម្រេចដោះលែងវិញ ដោយមានការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់។
ពាក់ព័ន្ធករណីនេះ នៅល្ងាចថ្ងៃទី១៩ ខែសីហានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានឲ្យដឹងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីបានស្តាប់ចម្លើយឈ្មោះ អ៊ឹម ភន្ត័សុផល ពិនិត្យលើឯកសារនៅក្នុងសំណុំរឿងឃើញថា មិនទាន់គ្រប់គ្រាន់ ដែលត្រូវការពេលវេលាសាកសួរបន្ថែម រួមទាំងការពិនិត្យភស្តុតាងនានា លោក សៀង សុខ សម្រេចមិនឃាត់ខ្លួនឈ្មោះ អ៊ឹម ភន្ត័សុផល ដើម្បីបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះជាបន្តទៀត”៕
មតិយោបល់