ភ្នំពេញៈ សណ្តាប់ធ្នាប់សាធារណៈ ការចតរថយន្តលើផ្លូវនានា ការតុបតែងដាក់ផើងផ្កាដើមឈើផ្សេងៗ តាំងផ្លាកសញ្ញាហាមចតរថយន្ត និងយាន្តយន្ត នៅខាងមុខផ្ទះ ភូមិគ្រឹះ អគារធំ ស្ថាប័នឯកជននិងរដ្ឋផងដែរមានគ្រប់ទីកន្លែង ដើម្បីបញ្ជាក់ថា បរិវេណចិញ្ចើមផ្លូវខាងក្រៅជារបស់កម្មសិទ្ធិផ្ទាល់ខ្លួន។
សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសឲ្យអនុវត្តរំដោះចិញ្ចើមផ្លូវ និងផ្លូវផងដែរ ក្នុងមូលដ្ឋានខណ្ឌទាំង១២ ដើម្បីសោភ័ណភាពទីក្រុង និងចរាចរ ដែលតែងតែកកស្ទះសឹងតែរាល់ថ្ងៃ។
ដោយឡែកមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយកចិញ្ចើមផ្លូវ និងផ្លូវធ្វើជាចំណតផ្ញើកង់ម៉ូតូ រថយន្តនិងបេនរថយន្តតាក់ស៊ីផងដែរ ។ កន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរពេទ្យ មាននៅក្នុងបរិវេណមួយកន្លែងសម្រាប់ចតទាំងរថយន្ត និងកង់ម៉ូតូជាយូរមកហើយ ស្រាប់តែនៅច្រកចេញចូលខាងត្បូងមានកន្លែងផ្ញើកង់ម៉ូតូនៅខាងក្រៅរបងមន្ទីរពេទ្យចំនួន២កន្លែង និងចំណតរថយន្តតាក់ស៊ី និងរថយន្តផ្សេងៗនៅលើផ្លូវ១៥០ បណ្តាលឲ្យកកស្ទះសឹងជារៀងរាល់ថ្ងៃ។
និយាយពីពាក្យមិនបានជួយគេកុំបង្កការលំបាកដល់អ្នកដទៃ ដូចខឿនចិញ្ចើមផ្លូវ២៦៥ ខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ ដែលមានកម្ពស់ខ្ពស់ពិបាកធ្វើដំណើរថ្មើរជើង និងចតយាន្តយន្តព្រមទាំងការធ្វើចរាចរអាចបង្កជាគ្រោះថ្នាក់ផងដែរ។
ដោយឡែកនៅសណ្ឋាគារកាំបូឌីយ៉ា កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលមានឧកញ៉ា លី ហួ ជាប្រធានបានរៀបចំពីធីជួបសំណេះសំណាលជាមួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមលើវិស័យសំណង់ បុរី និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។
ក្រឡេកមកមើលសំណង់កំពុងជួសជុលមួយកន្លែង ដែលជាអតីតហាងលក់ស្បែកជើង ស្ថិតនៅផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងបង្អួតបង្គោលភ្លើងដោយបង្ហាញពីការមិនគោរពច្បាប់ និងរំលោភចិញ្ចើមផ្លូវទៀតហើយចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដូចជា ចំណុចសំខាន់ៗក្នុងការធ្វើចរាចរជាដើមឡើយ។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់ឲ្យដឹងថា ការសាងសង់ជួសជុល ខាងម្ចាស់សំណង់បានស្នើសុំ និងរៀបចំឯកសារដល់ថ្នាក់ខណ្ឌទួលគោកហើយ។
លោក ឯក ឃុនដឿន អភិបាលនៃគណអភិបាលខណ្ឌទួលគោក បានប្រាប់ថា បើការសាងសង់ខុសបច្ចេកទេស គឺយើងមិនបានចេញច្បាប់ឲ្យទេ និងឲ្យក្រុមការងារចុះត្រួតពិនិត្យតាមភាពជាក់ស្តែង និងផ្អាកបណ្តោះអាសន្នតែម្តង៕
មតិយោបល់