ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់

កណ្ដាលៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៧និង១០នាទី ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ទីកន្លែងកើតហេតុ តាមបណ្ដោយផ្លូវលេខ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ាក ចន្ធី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ២នាក់ប្រុស៖
១-ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) អ្នកឆក់ទូរស័ព្ទ។
២-ឈ្មោះ ប៉ិន សុធិ ហៅតុង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) អ្នកបើកម៉ូតូ។

+បាត់បង់៖ ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកក្រម៉ៅ មានតម្លៃ ១៩០ដុល្លារអាមេរិក។
+វត្ថុតាងចាប់យក៖ គ្មាន ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅមើលប្អូនស្រីរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអម្រឹត ស្ថិតក្នុងភូមិទួលសាលា ឃុំព្រៃពួច។ ក្រោយមកជនរងគ្រោះចេញពីមន្ទីរពេទ្យហើយជិះម៉ូតូឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ ពេលជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់ ពណ៌ខ្មៅ ទៅក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកក្រម៉ៅ មានតម្លៃ១៩០ដុល្លារអាមេរិក។ ក្រោយពីជនសង្ស័យឆក់ទូរស័ព្ទបានហើយក៏នាំគ្នាជិះម៉ូតូដើម្បីគេចខ្លួន ពេលនោះជនរងគ្រោះក៏បានស្រែកឲ្យគេជួយ និងជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ។ នៅពេលជនសង្ស័យជិះម៉ូតូដល់ចំណុចកំណាត់ផ្លូវជាតិលេខ៤ ខាងមុខភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល បានអែបម៉ូតូនៅចិញ្ចើមផ្លូវដើម្បីដោះកញ្ចក់ម៉ូតូ នៅពេលនោះទើបជនរងគ្រោះ និងអ្នកដំណើរផ្សេងទៀត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកជនសង្ស័យឈ្មោះ ប៉ិន សុធិ ហៅតុង បានយកទូរស័ព្ទហើយជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ ក្រោយមកទើបកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល បានទទួលព័ត៌មានក៏ចុះទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនីតិវិធី។

-ជនសង្ស័យឈ្មោះ យ៉ុង ពុទ្ធាចំណាន បានសារភាពថា៖ ខ្លួននិងបក្ខពួកឈ្មោះ ប៉ិន សុធិ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះមែន។ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស វាយយកម៉ូតូ។
-ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹកនោម លទ្ធផល គ្មានសារធាតុញៀននៅក្នុងទឹកនោម(-)។
-ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់